Wednesday, March 2, 2016

កូន​សោ​ទាំង ៩ ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​ការងារ​ពី​លោក Grant Cardone អ្នក​ប្រឹក្សា​យោបល់​អាជីវកម្ម

កូន​សោ​ទាំង ៩ ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​ការងារ​ពី​លោក Grant Cardone អ្នក​ប្រឹក្សា​យោបល់​អាជីវកម្ម
លោក Grant Cardone អ្នក​ជំនាញខាងប្រឹក្សា​យោបល់​អាជីវកម្ម និង លើក​ទឹកចិត្ត     Forbes.com 
លោក​ Grant Cardone ជា​អ្នក​មាន​វិជ្ជា​ជីវៈ​ខាង​ប្រឹក្សា​យោបល់​ អាជីវកម្ម និង ការ​លើក​ទឹក​ចិត្ត​ផងដែរ បន្ថែម​ពី​នេះ លោក​ក៏​ជា​អ្នក​និពន្ធ​សៀវភៅ​ដ៏​ល្បី​ល្បាញ​។ ខាង​ក្រោម​នេះ​ជា ដំបូន្មាន​ខ្លះ​ពី​លោក Grant Cardone ដើម្បី​បង្កើត​ជីវិត​ជោគជ័យ​ក្នុង​វិស័យ​ការងារ។

១) ភាព​ជោគជ័យ​គឺ​ជា​កាតព្វកិច្ច​របស់​អ្នក ៖ បើ​តាម​លោក​ Grant Cardone ភាព​ជោគជ័យ​គឺ​ជា​កាតព្វកិច្ច តួនាទី និង ទំនួល​ខុស​ត្រូវ​ដែល​មនុស្ស​គ្រប់​រូប​ ត្រូវ​តែ​ធ្វើ ព្រោះ​បើ​អ្នក​គ្មាន​ឆន្ទៈ​ ក្នុង​ការ​ធ្វើ​វា​ទេ​នោះ ភាព​ជោគជ័យ​គឺ​មិន​អាច​កើត​ឡើង​លើ​ខ្លួន​អ្នក​បាន​ឡើយ។

២) ត្រូវ​ចេះ​បង្កើត​ការ​ចរចា​មួយ​ប្រកប​ដោយ​អាទិភាព ៖ ការ​ចរចា​ប្រកប​ដោយ​អាទិភាព​ត្រូវ​បាន​លោក Grant Cardone រៀប​រាប់​ថា​ជា​វិធី​មួយ​ក្នុង​ការ​បង្កើត​ចំណូល និង ការ​វិនិយោគ​ឲ្យ​ឆ្ពោះ​ទៅ​មុខ ព្រោះ​ការ​ចរចា​ជាមួយ​ដៃ​គូ​ពាណិជ្ជកម្ម ឬ អតិថិជន​អ្នក​ វា​ពិត​ជា​មាន​សារសំខាន់​ណាស់​ ដើម្បី​ធ្វើ​ឲ្យ​ការ​ចរចា​នោះ​ពោរពេញ​ដោយ​សារសំខាន់​ចំពោះ​ពួក​គេ។

៣) ត្រូវ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ៖ ការ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ឲ្យ​ចេញ​ជា​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​បង្កើន​គុណ​តម្លៃ​ខ្លួន​ឯង​ និង ភាព​ជឿជាក់​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​កាន់​តែ​ច្រើន។

៤) មិន​ត្រូវ​ខ្វល់ខ្វាយ​ជាមួយ​មនុស្ស​អវិជ្ជមាន​នៅ​ជុំវិញ​អ្នក​នោះ​ឡើយ ៖ លោកGrant Cardone រៀប​រាប់​ថា​ ឧបសគ្គ​ដ៏​ធំ​បំផុត​របស់​មនុស្ស​ គឺ​មនុស្ស​អវិជ្ជមាន​នៅ​ជុំវិញ​ខ្លួន​ឯង​ នៅ​ពេល​ដែល​អ្នក​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​គេ​តែ​ចូល​ចិត្ត​ដាក់​សម្ពាធ​ផ្លូវ​អារម្មណ៍​មក​លើ​អ្នក ច្រើន​ជាង​ផ្តល់​ដំណោះ​ស្រាយ​ឲ្យ​អ្នក​ ដូច្នេះ​អ្នក​គួរ​ជៀសវាង​ ចេញ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ទាំង​នេះ។

៥) មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ជា​មនុស្ស​អវិជ្ជមាន ៖ លោក Grant Cardone ផ្តល់​ដំបូន្មាន​ថា នៅ​ពេល​ដែល​អ្នក​ធ្វើ​ឲ្យ​ខ្លួន​ឯង​ជា​មនុស្ស អវិជ្ជមាន រាល់​សកម្មភាព​ទាំង​ឡាយ​របស់​អ្នក​ គឺ​នាំ​ទៅ​រក​ភាព​អវិជ្ជមាន​ទាំង​អស់​ ដូច្នេះ​អ្នក​ត្រូវ​ចេះ​ធ្វើ​ឲ្យ​ខ្លួន​ឯង ជា​មនុស្ស​វិជ្ជមាន​ជាប់​ជា​និច្ច។

៦) ត្រូវ​មាន​គោលដៅ ៖ លោក Grant Cardone ថ្លែង​ថា​មាន​គោលដៅ គឺ​មាន​លទ្ធផល ដូច្នេះ​បើ​អ្នក​ចង់​បាន​លទ្ធផល​ដែល​ខ្លួន​ចង់​បាន អ្នក​ត្រូវ​ចេះ​កំណត់​គោលដៅ​ឲ្យ​ខ្លួន​ឯង ថា​អ្នក​ចង់​បាន​អ្វី​ខ្លះ​សម្រាប់​ថ្ងៃ​នេះ។

៧) ត្រូវ​តែ​មាន​ជំនឿ​លើ​ខ្លួន​ឯង ៖ មាន​ជំនឿ​លើ​ខ្លួន​ឯង គឺ​ជា​ការ​បង្កើត​ភាព​ជឿជាក់​លើ​សមត្ថភាព​ ខ្លួន​ឯង​ដើម្បី​ធ្វើ​រឿង​អ្វី​មួយ​ ឲ្យ​ចេញ​ជា​រូប​រាង​ពិត​ប្រាកដ ព្រោះ​គ្មាន​នរណា​ម្នាក់ អាច​បង្កើត​ភាព​ជឿជាក់​ឲ្យ​អ្នក ក្រៅ​ពី​ខ្លួន​អ្នក​ជឿ​លើ​ខ្លួន​ឯង​នោះ​ឡើយ។

៨) ធ្វើ​រឿង​ទាំង​ឡាយ​ណា​ដែល​ជា​ភាព​ប៉ិន​ប្រសព្វ​របស់​អ្នក ៖ លោក Grant Cardone រៀបរាប់​ថា​នៅ​ពេល​ដែល​អ្នក​ធ្វើ​រឿង​ដែល​ជា​ភាព​ប៉ិនប្រសព្វ​របស់​ខ្លួន​ ត្រូវ​នឹង​សមត្ថភាព​របស់​ខ្លួន វា​ជា​កត្តា​មួយ​ដើម្បី​ជំរុញ​ទឹក​ចិត្ត​អ្នក​ឲ្យ​ធ្វើ​ការងារ​នោះ​រហូត​ទទួល​បាន​ជោគជ័យ។

៩) មិន​ត្រូវ​បោះ​បង់​ឡើយ ៖ រឿង​មួយ​សំខាន់​បំផុត ដើម្បី​ទទួល​បាន​ជោគជ័យ​ នោះ​គឺ​អ្នក​មិន​ត្រូវ​បោះ​បង់​ចោល​នូវ​គោលដៅ​របស់​ខ្លួន​នោះ​ឡើយ​ទោះ​បី​ជា​មាន​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ ព្រោះ​ការ​បោះបង់ គឺ​ជា​ភាព​បរាជ័យ​មួយ​ដ៏​ធំ​របស់​មនុស្ស​ក្នុង​ការ​សម្រេច​គោលដៅ។

Zong Qinghou ពី​ក្មេង​ធ្វើ​ការ​ក្នុង​កសិដ្ឋាន​អំបិល ក្លាយ​ជា​សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ

Zong Qinghou ពី​ក្មេង​ធ្វើ​ការ​ក្នុង​កសិដ្ឋាន​អំបិល ក្លាយ​ជា​សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ
លោក Zong Qinghouស្ថាបនិក ប្រធាន និង ជា​នាយក​ប្រតិបត្តិ ក្រុមហ៊ុន Hangzhou Wahaha Group     www.welt.de 
លោក Zong Qinghou គឺ​ជា​មហាសេដ្ឋី សហគ្រិន ជនជាតិ​ចិន​ដ៏​ល្បី​ល្បាញ​មួយ​រូប លោក​គឺ​ជា​ស្ថាបនិក ប្រធាន និង ជា​នាយក​ប្រតិបត្តិ ក្រុមហ៊ុន Hangzhou Wahaha Group ដែល​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​ខាង​ផ្គត់ផ្គង់​ភេសជ្ជៈ​នៅ​ក្នុង​ប្រទេស​ចិន។ នៅ​ដើម​ឆ្នាំ ២០១៦ នេះ​លោក​ត្រូវ​បាន​គេហទំព័រ Forbes ចុះ​ផ្សាយ​ថា​លោក​ជា​បុគ្គល​មាន​ជាង​គេ​លើ​ពិភពលោក​ក្នុង​ចំណាត់​ថ្នាក់​លេខ ១២៤ ជាមួយ​នឹង​ទ្រព្យ​សម្បត្តិ​ចំនួន​ជាង ១១ ពាន់​លាន​ដុល្លារ។ តើ​មហាសេដ្ឋី លេខ ១២៤ ពិភពលោក​រូប​នេះ​ មាន​ប្រវត្តិ​ និង បទពិសោធន៍​ធ្វើ​អាជីវកម្ម​ដូច​ម្ដេច​ខ្លះ​ក្នុង​ឆាក​ជីវិត​របស់​លោក?

លោក Zong Qinghou កើត​នៅ​ឆ្នាំ ១៩៤៥ នៅ​ក្នុង​ខេត្ត Zhejiang ប្រទេស​ចិន លោក​ទទួល​បាន​ការ​អប់រំ​តិចតួច​បំផុត។ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុវិទ្យាល័យ លោក​បាន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​តំបន់ Zhoushan ក្នុង​កសិដ្ឋាន​ធ្វើ​អំបិល​មួយ​កន្លែង។ នៅ​ឆ្នាំ ១៩៧៩ លោក​បាន​ត្រលប់​មក​ផ្ទះ​វិញ​ដោយ​សា​ម្តាយ​របស់​លោក​បាន​ចូល​និវត្តន៍​ពី​គ្រូ​បង្រៀន។ បន្ទាប់​មក​ទៀត​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Hangzhou ដោយ​នៅ​ទី​នោះ​លោក​រក​ការងារ​ជា អ្នក​បម្រើ​ការងារ​ក្នុង​សាលា​មួយ​កន្លែង ក្នុង​មុខ​ដំណែង​មួយ​មិន​សូវ​ល្អ​ដោយ​សារ​លោក​រៀន​បាន​ទាប​ពេក។

នៅ​ក្នុង​ឆ្នាំ ១៩៨៧ លោក​មាន​បំណង​ចង់​បើក​ហាង​លក់​គ្រឿង​ទេស​តូច​មួយ​ក្នុង​សាលា នៅ​ក្នុង​ស្រុក Shangcheng District ខេត្ត Hangzhou ដោយ​លោក​លក់​នូវ​ទឹក​ដោះ​គោ​។ ក្រោយ​មក​ទៀត​លោក​ក៏​បាន​បើក​ហាង​លក់​ទឹកដោះគោ​ឆៅ ពោល​គឺ​ផលិតផល​មិន​ទាន់​សម្រេច មាន​ឈ្មោះ​ថា Wahaha។ ក្រោយ​មក​ទៀត​លោក និង គ្រូ​ចូល​និវត្តន៍​ ពីរ​នាក់​ផ្សេង​ទៀត​បាន​ ខ្ចី​លុយ​គ​ចំនួន ១៤០ ០០០ យ័ន បាន​ចាប់​ផ្តើម​ផលិត​ផល​សម្រេច​ផ្នែក​ទឹកដោះគោ​ដើម្បី​លក់​ចែកចាយ។

ក្រោយ​មក​ទៀត​លោក​ទទួល​បាន​កិច្ច​ព្រមព្រៀង​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ផលិត​ម្ហូប​អាហារ​ចម្រុះ​មក​ពី​ប្រទេស​បារាំង​ឈ្មោះ Danone បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ក្លាយ​ជា​ក្រុមហ៊ុន ផ្គត់ផ្គង់ ខាង​ភេសជ្ជៈ​ធំ​ដាច់​គេ​នៅ​ក្នុង​ប្រទេស​ចិន។ ក្រុមហ៊ុន Wahaha បាន​ចូល​រូម​មូលធន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​បារាំង Danone ក្នុង​ទំហំ​ទឹក​ប្រាក់ ៧០ លាន​ដុល្លារ ដើម្បី​ចូល​រួម​បង្កើត​ក្រុមហ៊ុន​បណ្តាក់​ទុក​ចំនួន ៥ នៅ​ក្នុង​ប្រទេស​ចិន នៅ​ឆ្នាំ ២០០៧ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ ក្រុមហ៊ុន Wahaha របស់​លោក Zong Qinghou ក្លាយ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ភេសជ្ជៈ​ធំ​ដាច់​គេ​នៅ​ក្នុង​ប្រទេស​ចិន។

លោក​ស្រី Angela Ahrendts អនុប្រធាន​​ជាន់​ខ្ពស់​​​​របស់​ Apple ​​មាន​ប្រាក់​បៀវត្សរ៍​ខ្ពស់​ជាងគេ​បំផុត​នៅ​អាមេរិក​ជិត​ ៨៣ លាន​​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

លោក​ស្រី Angela Ahrendts អនុប្រធាន​​ជាន់​ខ្ពស់​​​​របស់​ Apple ​​មាន​ប្រាក់​បៀវត្សរ៍​ខ្ពស់​ជាងគេ​បំផុត​នៅ​អាមេរិក​ជិត​ ៨៣ លាន​​ដុល្លារ​ក្នុង​មួយ​ឆ្នាំ
លោក​ស្រី Angela Ahrendts អនុប្រធាន​​ជាន់​ខ្ពស់​​​​របស់​ Apple ​​     youtube.com 
លោកស្រី Angela Ahrendts  ដែល​ជា​អនុប្រធាន​​ជាន់ខ្ពស់​(senior vice president)ផ្នែក​លក់​រាយ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Apple ត្រូវ​បាន​គេ​​​ធ្វើ​​ចំណាត់ថ្នាក់​​ថា ជា​ប្រតិបត្តិ​​ជាន់​ខ្ពស់​ (Female Executive ) ​​មាន​ប្រាក់​បៀវត្សរ៍​​ខ្ពស់​ជាងគេ​បំផុត​នៅ​​អាមេរិក ដែល​​​​​មាន​ចំនួន​ជិត​ ៨៣ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ម៉ូដ​សំលៀកបំពាក់ Burberry Group Plc ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​របស់​អង់គ្លេស​មួយ​នេះ​ ត្រូវ​បាន​​ផ្ដល់​ប្រាក់​ខែ​ក្នុង​ចំនួន ៨២,៦ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៤​កន្លង​ទៅ​នេះ​។ នេះ​បើ​យោង​តាម​​​ទិន្នន័យ​ចេញផ្សាយ​ធ្វើ​ឡើង​ដោយ​គេហទំព័រ Bloomberg។

ក្នុង​វ័យ ៥៤ ឆ្នាំ លោក​ស្រី Angela បាន​ចូល​មក​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​យក្ស​ដ៏​មាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​ក្នុង​ពិភពលោក​មួយ​នេះ​នៅ​ខែ​ ឧសភា ឆ្នាំ ២០១៤ កន្លង​ទៅ​នេះ ​នឹង​បាន​ក្លាយ​ជា​ស្ត្រី​ដំបូង​គេ​​ដែល​​​ត្រូវ​បាន​ផ្តល់​តំណែង​​ឲ្យ​ទទួល​ខុសត្រូវ​លើ​ការ​គ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន​ទាំងមូល។

ចំនួន​នេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ប្រាក់​រង្វាន់​លើកទឹកចិត្ត និង អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដែល​លោក​ស្រី​ទទួល​បាន​​​ពី​ក្រុមហ៊ុន​នេះ​ដែល​​​សរុប​ទាំងអស់​​​មាន​ចំនួន ១០៥,៥ លាន​ដុល្លារ។

ចំណែក​ឯ​លោក​ស្រី  Marissa Mayer ជា​​ប្រធាន​ក្រុមហ៊ុន Yahoo   ក៏​ត្រូវ​បាន​គេ​ធ្វើ​ចំណាត់ថ្នាក់​​ផង​ដែរ​ថា  ​នាយក​ប្រតិបត្តិ​​ស្ត្រី​ (CEO) មាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាងគេ​បំផុត​​​ប្រចាំ​មហាអំណាច​មួយ​នេះ​ក្នុង​ចំនួន ៥៩,១ លាន​ដុល្លារ​​ប្រចាំ​ឆ្នាំ ២០១៤។

យ៉ាងណាមិញ បើ​យោង​តាម​សន្ទស្សន៍​ចំណាត់ថ្នាក់​​​ប្រាក់បៀវត្សរ៍​​​​លើ​ស្រ្តី​កំពូលៗ​​ចំនួន ៨ រូប​របស់​​គេហទំព័រ Bloomber (Bloomberg Pay Index) នាយក​ប្រតិបត្តិ​វ័យ ៣៩ ឆ្នាំ​រូប​នេះ​ស្ថិត​នៅ​ក្នុង​លេខ​រៀង​ទី៣៕

សាកល្បង​អនុវត្តន៍​ចំណុច​សាមញ្ញ​ទាំង ៣ នេះ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​ជា​មនុស្ស​ពូកែ​គិត​ពិចារណា

សាកល្បង​អនុវត្តន៍​ចំណុច​សាមញ្ញ​ទាំង ៣ នេះ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​ជា​មនុស្ស​ពូកែ​គិត​ពិចារណា
រូបតំណាង     www.istockphoto.com 
១) សួរ​សំនួរ ៖ អ្នក​ដែល​ពូកែ​គិត​ពិចារណា គឺ​ជា​មនុស្ស​ចូល​ចិត្ត​ចាប់​ផ្តើម​ដោយ​ការ​សួរ​សំនួរ​ ស្តី​អំពីរ​រាល់​អ្វីៗ​នៅ​ចំពោះ​មុខ​របស់​ពួក​គេ។ ពួក​គេ​ពិចារណា រក​មូលហេតុ និង ផល​ជា​និច្ច ព្រោះ​ពួក​គេ​យល់​ថា​ នៅ​គ្រប់​សកម្មភាព​ទាំង​អស់ គឺ​សុទ្ធ​តែ​មាន​លទ្ធផល​របស់​វា​ទាំង​អស់ ហើយ​ពួក​គេ​គិត​ថា រាល់​លទ្ធផល​នៃ​ការ​កើត​ទៅ​រួច គឺ​កើត​ចេញ​ពី​ការ​សម្រេច​ចិត្ត នៅ​មុន​ពួក​គេ​ធ្វើ​វា ដូច្នេះ​ការ​សួរ​នូវ​សំនួរ អាច​ជួយ​ឲ្យ​អ្នក​រក​វិធី​មួយ​ដ៏​ត្រឹម​ត្រូវ​ក្នុង​ធ្វើ​អ្វី​មួយ។

២) ស្វែង​រក​ព័ត៌មាន ៖ ការ​អង្កេត ការ​ស្រាវជ្រាវ ជា​ពិសេស​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ដែល​អ្នក​អាច​រៀន​អ្វីៗ​បាន​ស្ទើរ​តែ​គ្រប់​រឿង។ ការ​សម្ភាសន៍​មនុស្ស សួរ​សំនួរ​ទៅ​កាន់​អ្នក​ជំនាញ ឬ អ្នក​ដែល​មាន​បទពិសោធន៍​នៅ​ជុំវិញ​ខ្លួន​អ្នក អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ព័ត៌មាន​ និង គំនិត ផ្សេងៗ​គ្នា​ជា​ច្រើន ដែល​នេះ​ជា​បច្ច័យ មួយ​ជួយ​ធ្វើ​ឲ្យ​អ្នក​សម្រេច​ចិត្ត​ខ្លួន​ឯង​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ ឈ្លាស​វៃ និង កាន់​តែ​ប្រសើរ​ជាង​មនុស្ស​ដទៃ។

៣) ការ​ទំនាក់ទំនង​រក​ដំណោះ​ស្រាយ ៖ មនុស្ស​ដែល​មាន​ ការ​គិត​ពិចារណា​ខ្ពស់ គឺ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការ​រក​ដំណោះ​ស្រាយ ច្រើន​ជាង​ការ​ស្តី​បន្ទោស ការ​រអ៊ូរទាំ​ ឬ ការ​និយាយ​ពី​ក្រោយ​ខ្នង​នរណា​ម្នាក់។ នៅ​ពេល​ដែល​អ្នក​ទទួល​បាន ការ​សរុប​រាល់​អត្ថន័យ តាម​រយៈ​ការ​គិត​ពិចារណា​ហើយ​នោះ វា​ជា​ពេល​ដែល​អ្នក​ត្រូវ​បង្ហាញ​ពី​ចិត្ត​មេត្តាករុណា ការ​យល់​ចិត្ត និង ការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​។

មហាសេដ្ឋី​មាន​​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​បំផុត​ចំនួន ១០ រូប​​​ប្រចាំ​តំបន់​អឺរ៉ុប​នេះ ​រក​ចំណូល​បាន​​ដោយ​​របៀបណា?

មហាសេដ្ឋី​មាន​​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​បំផុត​ចំនួន ១០ រូប​​​ប្រចាំ​តំបន់​អឺរ៉ុប​នេះ ​រក​ចំណូល​បាន​​ដោយ​​របៀបណា?
មហាសេដ្ឋីអេស្ប៉ាញ លោក Amancio Ortega     revistapoder.lamula.pe 
១) លោក Amancio Ortega ជា​អ្នក​មាន​បំផុត​នៅ​ក្នុង​ប្រទេស​ អេស្ប៉ាញ ហើយ​ក៏បាន​ស្ថិត​នៅ​ក្នុង​បញ្ជី ​កំពូល​អ្នក​មាន​ទាំង​ ១០ នៅ​ទ្វីប​អឺរ៉ុប ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ​ដ៏​មហាសាល​ ។  លោក​ជា​ស្ថាបនិក​ក្រុម​ហ៊ុន​លក់រាយ និង ​សំលៀក​បំពាក់​ស្បែក​ជើង​ម៉ាក​ Indetex Zara ដោយ​បាន​បង្កើត​ឡើង​ក្នុង​ទសវត្ស​ឆ្នាំ ១៩៧០ ។ មក​ទល់​នឹង​ពេល​សព្វ​ថ្ងៃ​នេះ​លោក  Amancio Ortega មាន​​ទ្រព្យសម្បតិ្ត​សរុប​ដល់​ទៅ ៦៤,៥ ពាន់​លាន​ដុល្លារ ។

២) លោក ស្រី Liiane Bettencourt  គឺ​​ជា​​មហាសេដ្ឋី​ជនជាតិ​បារាំង​មួយ​រូប​ដែល​បាន​ជាប់​ឈ្មោះ​ជា​ក្នុង​បញ្ជី​កំពូល​អ្នក​មាន​ទាំង​ ១០ នៅ​អឺរ៉ុប ។ លោក​ស្រី​ជា​ម្ចាស់​ក្រុម​ហ៊ុន​​ក្រុមហ៊ុន​ថែ​រក្សា​សម្ផស្ស​ដ៏​ធំ L’Oreal ដែល​បង្កើត​ឡើង​ដោយ​ឪ​ពុក​របស់​លោក​ស្រី ហើយ​ពេល​បច្ចុប្បន្ន​លោក​ស្រី​មាន​​ទ្រព្យសម្បត្តិ​​​សរុប ៤០,១ពាន់​លាន​ដុល្លារ

៣) លោក Georg Schaeffler មហាសេដ្ឋី​អាល្លឺម៉ង់ គឺ​ជា​ម្ចាស់​ភាគ​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន Schaeffler Gruppe ដែល​លោក​កាន់​កាប់​ដល់​ទៅ ៨០% នៃ​ក្រុមហ៊ុន ហើយ​ម្តាយ​របស់​លោក​ ​គឺ​លោក​ស្រី Elisabeth Schaeffler ជា​ម្ចាស់​ភាគ​ហ៊ុន​ ២០% នៃ​ក្រុម​ហ៊ុន​នេះ ។ លោក  Georg Schaeffler មាន​​ទ្រព្យសម្បត្តិ​សរុប ២៦,៩ ពាន់​លាន​ដុល្លារ ។

៤) លោក Stefan Persson សញ្ជាតិ​ស៊ុយអែត ជា​ម្ចាស់​ភាគ​ហ៊ុន​ដ៏​ធំ​នៃ​ក្រុម​ហ៊ុន​រចនា​ម៉ូត​សំលៀក​បំពាក់​ H&M ដែល​បង្កើត​ឡើង​ដោយ​លោក Erling Persson ជា​ឪពុក​ ជាមួយ​នឹង​កូន​ប្រុស​ Kerl-Johan ។ សព្វ​ថ្ងៃ​នេះ​លោក Persson គឺ​ជា​ប្រធាន​គ្រប់​គ្រង​ដែល​លោក​មាន​​ទ្រព្យសម្បត្តិ​​ដល់​ទៅ ២៤,៥ ពាន់​លាន​ដុល្លារ ។

៥)   លោក Giovanni Ferrero  មហាសេដ្ឋី​អ៊ីតាលី ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន Ferrero SpA ជា​ក្រុមហ៊ុន​ចែក​ចាយ​ចំណី​សត្វ​ ដែល​ពេល​បច្ចុប្បន្ន​លោក​មាន​ទ្រព្យសម្បត្តិ​​​សរុប​ ២៣,៤ ពាន់​លាន​ដុល្លារ ។

៦) លោក Gerald Cavendish Grosvenor ជា​​មហាសេដ្ឋី​​មាន​បំផុត​នៅ​ចក្រ​ភព​អង់គ្លេស​ ហើយ​លោក​ក៏​ជា​សមាជិក​សភា​ជាន់​ខ្ពស់​មួយ​រូប​របស់​អង់គ្លេស​ ដោយ​លោក​មាន​ទ្រព្យ​សម្បត្តិ​គិត​ជា​ទឹក​ប្រាក់ ១២,៦ ពាន់​លាន​ដុល្លារ ។

៧) លោក​ស្រី Charlene de Carvalho-Heineken សញ្ជាតិ​ហុល្លង់​ ជា​អ្នក​ស្នង​មរតក​នៃ​ក្រុមហ៊ុន​ស្រា​បៀ​ Heineken ហើយ​ក្រុម​ហ៊ុន​មួយ​នេះ​បង្កើត​ឡើង​ដោយ​ឪពុក​របស់​អ្នក​ស្រី​លោក Gerard Adriaan Heineken នៅ​ចុង​សតវត្ស​ទី ១៩ សព្វ​ថ្ងៃ​លោក​ស្រី​ជា​គណៈ​គ្រប់​គ្រង់​ជាមួយ​នឹង​​ទ្រព្យសម្បត្តិ​ ១១,៦ ពាន់​លាន​ដុល្លារ ។

៨) លោក Dietrich Mateschitz ស្ថាបនិក​ក្រុមហ៊ុន​ Red Bull គឺ​ជា​មហាសេដ្ឋី​អូទ្រីស​មាន​ជាងគេ​​បំផុត​ប្រចាំ​ប្រទេស​​នេះ​ ដោយ​ក្នុង​នោះ​​លោក​កាន់កាប់​ភាគ​ហ៊ុន​ជិត​ពាក់​កណ្ដាល​នៃ​ក្រុម​ហ៊ុន។ បច្ចុប្បន្ន​ ​លោក​មាន​ទ្រព្យសម្បត្តិ​ ១០,៨ ពាន់​លាន​ដុល្លារ ។

៩) លោក John Fredriksen គឺ​ជា​មហាសេដ្ឋី​សញ្ជាតិ​​ន័រវែស។ ​លោក គឺ​​ជា​អ្នកជំនួញ​​ប្រេង​ដ៏​ធំ​ ក្នុង​អំឡុង​សង្គ្រាម​ អ៊ីរ៉ាក់​ និង អ៊ីរ៉ង់​ ​ជា​មួយ​នឹង​ទ្រព្យសម្បត្តិ​​ចំនួន ១០,៦ ពាន់​លាន​ដុល្លារ​។

១០) លោក Kjeld Kirk Kristiansen ​គឺ​ជា​មហាសេដ្ឋី​ដាណឺម៉ាក និង ​ជា​ប្រធាន​ក្រុមហ៊ុន​ ផលិត​គ្រឿង​អេឡិចត្រូនិក​ Lego បង្កើត​ឡើង​ដោយ​ជីតា​របស់​លោក​ឈ្មោះ Ole Kirk Christiansen ។ បច្ចុប្បន្ន​លោក​មាន​ទ្រព្យសម្បត្តិ​ ៩,៧ ពាន់​លាន​ដុល្លារ៕​

អនុវត្តន៍ទម្លាប់​ទាំង ៦ សាមញ្ញ​ ដើម្បី​ជួយ​បង្កើន​ភាព​ជោគជ័យ​ឲ្យ​ខ្លួន​ឯង

អនុវត្តន៍ទម្លាប់​ទាំង ៦ សាមញ្ញ​ ដើម្បី​ជួយ​បង្កើន​ភាព​ជោគជ័យ​ឲ្យ​ខ្លួន​ឯង
រូបតំណាង     entrepreneur.com 
១) ក្រោក​ពី​ព្រលឹម

បើ​តាម​ការ​ស្រាវជ្រាវ របស់ សាលា Harvard បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​ដែល​ភ្ញាក់​ពី​ព្រលឹម គឺ​ជា​មនុស្ស​ដែល​បាន​ក្តោប​យ៉ា​ណែន​នូវ​ព័ត៌មាន​សំខាន់​ប្រចាំ​ថ្ងៃ។ ពួក​គេ​អាច​អាន​ព័ត៌មាន រៀប​ចំ​ផែក​ការ​ការងារ​ប្រចាំ​ថ្ងៃ ហាត់​ប្រាណ នឹង​អាច​បំពេញ​កិច្ច​ការងារ​ផ្សេងៗ​បាន​ជា​ច្រើន ជា​ឧទាហរណ៍ មាន​សហគ្រិន​មហាសេដ្ឋី​ល្បី ដូចជា​លោក Jack Dorsey នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Twitter លោក Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple សុទ្ធ​តែ​ជា​មនុស្ស ភ្ញាក់​ពី​ព្រលឹម នៅ​មុន​មនុស្ស​ទូទៅ​ទាំង​អស់។

២) បង្កើន​ទំនុក​ចិត្ត​ខ្លួន តាម​រយៈ​ការ​អនុវត្តន៍

នៅ​ពេល​អ្នក​មាន​ការ​អនុវត្តន៍​កាន់​តែ​ច្រើន វា​នឹង​ជួយ​ឲ្យ​អ្នក​បង្កើត​ជំនឿ​លើ​ខ្លួន​ឯង ថា​នឹង​មាន​សមត្ថភាព​អាច​ទទួល​បាន​ជោគជ័យ។ ត្រូវ​ចាំ​ថា​បុគ្គល​ជោគជ័យ​តែង​និយាយ​ប្រាប់​ខ្លួន​ឯង​ថា ទំនុក​ចិត្ត​កើត​តាម​រយៈ​ការ​ប្រឹងប្រែង​ធ្វើ​ការ​ឲ្យ​អស់​ពី​សមត្ថភាព តាម​រយៈ​ភាព​ជោគជ័យ និង តាម​រយៈ​ភាព​បរាជ័យ​ផង​ដែរ។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​មាន​ទំនុក​ចិត្ត​កាន់​តែ​ទិញ នោះ​សកម្មភាព​កាន់​តែ​តិច​ដែល​អ្នក​ប្រព្រឹត្ត និង លទ្ធផល​កាន់​តែ​តិច​ដែល​អ្នក​នឹង​ទទួល​បាន​មក​វិញ។

៣) ត្រូវ​មាន​ភាព​ច្បាស់​លាស់

ភាព​ច្បាស់​លាស់​គឺ​សំដៅ តើ​ការ​ងារ​មួយ​ណា​ដែល​អ្នក​ចង់​ធ្វើ? តើ​វា​នឹង​សម្រេច​នៅ​ពេល​ណា? ហើយ​តើ​លទ្ធផល​ដូច​ម្តេច​ដែល​អ្នក​ចង់​បាន? ការ​កំណត់​ភាព​ច្បាស់​លាស់​ឲ្យ​ខ្លួន​ឯង​បែប​នេះ​ជួយ​ធ្វើ​ឲ្យ​អ្នក​ដើរ​លើ​ផ្លូវ​ទៅ​រក​ភាព​ជោគជ័យ និង មិន​ខ្ជះខ្ជាយ​ពេល​ឥត​ប្រយោជន៍។

៤) ត្រូវ​គិត​បែប​វិជ្ជមាន

បើ​តាម​ការ​ស្រាវជ្រាវ របស់​សាកល​វិទ្យាល័យ University of North Carolina រក​ឃើញ​ថា នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​បែប​វិជ្ជមាន​ ដូច​ជា​ការ រីករាយ រំភើប ភាព​ស្កប់ស្កល់ និង ការ​ស្រលាញ់ វា​នឹង​ជួយ​ឲ្យ​អ្នក​មើល​ឃើញ​រាល់​រឿង​អ្វីៗ​ទាំង​អស់​ក្នុង​ជីវិត​អ្នក​សុទ្ធ​តែ​ជា​រឿង​ដែល​អាច​កើត​ឡើង​ទាំង​អស់។ បន្ថែម​ពី​លើ​នេះ អារម្មណ៍​បែប​វិជ្ជមាន ផ្តល់​ឲ្យ​មនុស្ស​នូវ​លទ្ធភាព​ការ​បើក​ចិត្ត​ឲ្យ​ទូលាយ និង ផ្តល់​ជម្រើស​ច្រើន​ដល់​មនុស្ស។

៥) រៀន​អភិវឌ្ឍ​ផ្នត់​គំនិត​ខ្លួន​ឯង

បើ​យោង​តាម​ការ​ស្រាវជ្រាវ ពី​អ្នក​ចិត្ត​សាស្ត្រ​ នៃ​សាលា Stanford រក​ឃើញ​ថា ភាព​ជោគជ័យ​របស់​បុគ្គល​មួយ​ចំនួន​គឺ​កើត​ឡើង​ តាម​រយៈ​ការ​ចេះ​អភិវឌ្ឍ​ផ្នត់​គំនិត​របស់​ខ្លួន ដែល​វា​ជា​កត្តា​ជួយ​ឲ្យ​ពួក​គេ​រៀន​បាន​កាន់​តែ​ច្រើន ពី​កំហុស​ខ្លួន​ឯង និង ធ្វើ​ឲ្យ​ពួក​គេ​ជឿ​ថា ពួក​គេ​មាន​ទេពកោសល្យ​ដ៏​អស្ចារ្យ​ដែល​អាច​សម្រេច​រាល់​គោល​ដៅ​ដែល​ពួក​គេ​បាន​កំណត់​។

៦) រៀន​ស្រវា​ចាប់​ទំនាក់ទំនង​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​សុភមង្គល

នៅ​ក្នុង​ការ​ស្រាវជ្រាវ​របស់​សាលា Harvard រក​ឃើញ​ថា មាន​សសរស្ដម្ភ​ ចំនួន ពីរ ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​សុភមង្គល ទី១ គឺ ស្នេហា និង ការ​ស្រលាញ់ ហើយ​ទី២ គឺ​វិធី​តស៊ូ​រស់​នៅ​ក្នុង​ជីវិត ដែល​មិន​ត្រូវ​ធ្វើ​ឲ្យ​ ការ​ស្រលាញ់​ឃ្លាត​ចេញ​ពី​អ្នក។ ប៉ុន្តែ​រឿង​សំខាន់​បំផុត​ដែល ការ​ស្រាវជ្រាវ​រក​ឃើញ ក្នុង​ជីវិត​​មនុស្ស គឺ​ភាព​មាន​ទំនាក់ទំនង​ល្អ។

អាន​ដំបូន្មាន​របស់​មហាសេដ្ឋី​ត្បូងពេជ្រ​ លោក​ Fred Mouawad ចំនួន ​៥​ចំណុច ​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​របស់​​លោក​អ្នក!

អាន​ដំបូន្មាន​របស់​មហាសេដ្ឋី​ត្បូងពេជ្រ​ លោក​ Fred Mouawad ចំនួន ​៥​ចំណុច ​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​របស់​​លោក​អ្នក!
មហាសេដ្ឋី​ត្បូងពេជ្រ​ លោក​ Fred Mouawad     Businessinsider 
លោក Fred Mouawad គឺជា​មហាសេដ្ឋី​បរាំង​ដែល​កំពុង​កាន់កាប់​ក្រុមហ៊ុន​ត្បូងពេជ្រ​ដ៏​ធំ​មួយ​នៅ​លើ​ភព​លោក​។ ​លោក​មាន​ក្រុមហ៊ុន​ជាច្រើន​ផ្សេង​ទៀត​ ដែល​សរុប​ទៅ​ គឺ​កាន់​ក្រុមហ៊ុន​សរុប​នៅ​ក្នុង​ដៃ ចំនួន​៧​ក្រុមហ៊ុន ហើយ​ក្នុង​នោះ​ក៏​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ថៃ​​​ផង​ដែរ​​។ បច្ចុប្បន្ន​ លោក​ មាន​ទ្រព្យសម្បត្តិ​សរុប​​ប្រមាណ ១,១ ពាន់​លាន​ដុល្លារ​។

ខាងក្រោម​នេះ គឺ​ជា​អនុសាសន៍​សំខាន់ៗ​​ពី​មហាសេដ្ឋី​វ័យ  ៤៦ ឆ្នាំ​រូប​នេះ​ដែល​​ជា​គន្លឹះ​រួម​ចំណែក​ជួយ​ឲ្យ​លោក​​អ្នក​ជោគជ័យ​៖

១) កំណត់​អំពី​​ការងារ​អាទិភាព
មនុស្ស​ភាគច្រើន​បាន​ចំណាយ​ពេល​ជាច្រើន​ម៉ោង ​ដើម្បី​ធ្វើការងារ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ពេលខ្លះ​គ្មាន​បាន​​សម្រេច​អ្វី​ទាំងអស់។ ​​​មូលហេតុ​ចំបង​នាំ​ឲ្យ​កើត​បញ្ហា​នេះ​​ព្រោះ​​ពួកគេ​មិនទាន់​​កំណត់​ឲ្យ​បាន​ច្បាស់​ថា អ្វី​​ដែល​សំខាន់ និង អ្វី​ដែល​មិន​សំខាន់ ដូច្នេះ​ហើយ​បាន​ជា​ ព្យាយាម​ធ្វើ​កិច្ចការ​ជាច្រើន​ក្នុង​ពេល​តែ​មួយ​ បណ្តាល​ឲ្យ​​រឿងរ៉ាវ​​កាន់តែ​ស្មុគស្មាញ​ឡើង។​ សម្រាប់​​លោក Fred Mouawad ​លោក​បាន​ផ្តល់​ដំបូន្មាន​ថា  ដើម្បី​ធ្វើ​កិច្ច​ប្រចាំ​ថ្ងៃ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ អ្នក​ត្រូវ​ចេះ​កំណត់​អាទិភាព​ឲ្យ​បាន​ច្បាស់។​

២) ចំណាយ​ពេល​ឲ្យ​ច្រើន​លើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​​​​​​​
នៅ​ក្នុង​ចំណុច​នេះ មហាសេដ្ឋី​រូប​នេះ​​មាន​ប្រសាសន៍​ថា ប្រសិន​បើ​ចង់​សម្រេច​លើ​កិច្ចការ​អ្វីមួយ​ដែល​អ្នក​គិត​ថា​សំខាន់​នោះ គឺ​ត្រូវ​តែ​ចំណាយ​ពេល​វេលា​ឲ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន​​​ទៅ​លើ​​ការងា​រ​​នោះ​។ ​ជា​ធម្មតា​ទេ ​រាល់​ការ​ធ្វើ​កិច្ចការ​អ្វីមួយ​តែង​តែ​ជួប​បញ្ហា​ជាច្រើន ប៉ុន្តែ​សំខាន់​ត្រង់ថា អ្នក​ពិតជា​ចង់​ធ្វើ​វា​ឲ្យ​ជោគជ័យ​ដែរ​ឬ​ទេ។​ ប្រសិនបើ​ចង់​​ ​​អ្នក​ត្រូវ​តែ​ខិតខំ​ធ្វើ​វា​ឲ្យ​អស់​ពី​លទ្ធភាព​ ទោះ​បី​ជា​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ក្តី តែ​យ៉ាង​ហោច​ណាស់​ប្រើ​រូប​មន្ត ៨០ ទល់​ នឹង ២០។ មានន័យ​ថា ចំណាយ​​ពេល​លើ​ការងារ​ដែល​អ្នក​ចង់​ធ្វើ​ឲ្យ​បាន ៨០% ក្រៅ​ពី​នេះ​សម្រាប់​ពេល​វេលា​ដែល​នៅ​សល់ ២០% គួរ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​បន្ទាប់​បន្សំ។​

៣) ​វាយតម្លៃ​អំពី​​​ការងារ​របស់​អ្នក​
​​​​វា​ជា​រឿង​ជៀស​មិន​ផុត​នោះ​ទេ​ ​​ដែល​មនុស្ស​​តែង​​មាន​ភាព​វិជ្ជមាន​ និង អវិជ្ជមាន​ចំពោះ​ការងារ​។  ប៉ុន្តែ​​ចំណុច​សំខាន់​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​ទទួលស្គាល់​អំពី​សកម្មភាព​របស់​ខ្លួន​ថា​តើ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រសើរ​ ឬ ក៏​អន់ថយ​។ មក​ដល់​ចំណុច​នេះ បើ​តាម​ការ​ពន្យល់​របស់​មហាសេដ្ឋី  Fred Mouawad ដើម្បី​ដឹង​អំពី​ច្បាស់​អំពី​ប្រសិទ្ធភាព​​ការងារ​ ​អ្នក​ត្រូវ​តែ​រៀបចំ​ការ​វាយតម្លៃ​ជាប្រចាំ។ ​ការវាយតម្លៃ​លើ​ខ្លួនឯង​នេះ​អាច​ធ្វើឡើង​តាមរយៈ​ការ​សួរនាំ​​មនុស្ស​ជុំវិញ​ខ្លួន ​និង​ តាមរយៈ​ការ​ប្រៀបធៀប​លើ​លទ្ធផល​នៃ​របាយការណ៍​ការងារ​កន្លងៗ​មក​។​​​​​

​​​​៤) ប្រើ​យុទ្ធសាស្ត្រ​ផ្សេងៗ​គ្នា
លោក Fred Mouawad​​ បាន​ផ្តល់​ដំបូន្មាន​បន្ត​ទៀត​ថា ដើម្បី​សម្រេច​គម្រោង​ ឬ ​គោលដៅ​អ្វីមួយ​អ្នក​ត្រូវ​តែ​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​​។ ជាមួយ​គ្នា​នោះ​ដែរ ​មិនមែន​មាន​តែ​យុទ្ធសាស្ត្រ​មួយ​នោះ​ទេ ដែល​អាច​ធ្វើ​ឲ្យ​អ្នកទទួល​ជោគជ័យ​ ព្រោះ​ស្ថានភាព​ខ្លះ​វា​ទាមទារ​ឲ្យ​យើង​ប្រើ​វិធី​ជាច្រើន​ទើប​ជោគជ័យ​។ មានន័យថា បើ​វិធី​នេះ​មិន​ជោគជ័យ​ អ្នក​ត្រូវ​ប្រើ​វិធី​ផ្សេងទៀត​ ដើម្បី​​ឲ្យ​ប្រាកដ​ថា ​អ្នក​នឹង​សម្រេច​អ្វី​ដែល​ចង់បាន​។

៥) ​កាត់បន្ថយ​ការ​ខ្ជះខ្ជាយ​ពេលវេលា​
សម្រាប់​លោក Fred Mouawad​ បាន​ឲ្យត​ម្លៃ​ខ្លាំង​ទៅ​លើ​​ពេលវេលា។  វា​​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ដែល​ថា អ្នក​ត្រូវ​គ្រប់គ្រង​វា​ឲ្យ​មាន​ប្រសិទ្ធភាព​។ ​ ​​ផ្ទុយ​ទៅ​វិញ​ បើកាលណា​​មិន​ចេះ​គ្រប់គ្រង ឬ ប្រើ​ពេលវេលា​ឲ្យ​បាន​ល្អ ឬ មាន​តម្លៃ​នោះ​ទេ អ្នក​នឹង​ប្រឈម​មុខ​នឹង​ការ​ខ្ជះខ្ជាយ​ពេលវេលា​មិនខាន​។ ​ដូច្នេះ​ហើយ​ អ្នក​ត្រូវ​តែ​ព្យាយាម​ជម្រុះ​ចោល​សកម្មភាព​ដែល​អត់ប្រយោជន៍​មួយ​ចំនួន​ ដូចជា ប្រើ​ទូរស័ព្ទ​ច្រើន​ពេក លេង​ហ្គេម​ច្រើន ឬ សកម្មភាព​មួយ​ចំនួន​ទៀត​ជាដើម​៕

ហេតុផល​ចំនួន​ ៤​ នេះ​បញ្ជាក់​ថា ហេតុអ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​បាក់ទឹកចិត្ត?​

ហេតុផល​ចំនួន​ ៤​ នេះ​បញ្ជាក់​ថា ហេតុអ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​បាក់ទឹកចិត្ត?​
ហេតុផល​ចំនួន​ ៤​ នេះ​បញ្ជាក់​ថា ហេតុអ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​បាក់ទឹកចិត្ត?​     salon.com 
មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ចង់​សម្រេច​តាម​សេចក្ដីប្រាថ្នា​របស់​ខ្លួន​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ព្រោះ​គ្រាន់តែ​មាន​ចិត្ត​ចង់​បាន មិន​គ្រប់គ្រង​ឡើយ​ ពោល​គឺ​​ត្រូវការ​សកម្មភាព និង ការ​តាំងចិត្ត​ជាច្រើន​ទៀត​។ ដោយសារតែ​បែបនេះ​ហើយ បាន​ជា​មនុស្ស​ជាច្រើន​បាន​សម្រេចចិត្ត​បោះបង់​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ទាំង​ខកចិត្ត​បំផុត​ ឬ អាច​និយាយ​បាន​ថា ​លែង​មាន​ទឹកចិត្ត​ធ្វើ​ទៀត​ហើយ​។

ខាង​ក្រោម​នេះ​ គឺ​ជា​ឧបសគ្គ​មួយ​ចំនួន​ដែល​បំបាក់​ទឹកចិត្ត​អ្នក​មិន​ឲ្យ​បន្ត​ការងារ​​ដើម្បី​សម្រេច​គោលដៅ​៖

១)​​ដើរ​លើ​ផ្លូវ​មិន​ប្រាកដប្រជា​
​អ្នក​ខ្លះ​តែង​គិត​ចង់​ធ្វើ​នេះ​ធ្វើ​នោះ​មិន​ចេះ​ចប់ ​ប៉ុន្តែ​មិនដែល​ធ្វើអ្វី​ឲ្យ​បាន​សម្រេច​ម្តង​ណា​ឡើយ​ពោល​​គឺ​ធ្វើ​បាន​បន្តិច​ក៏​ឈប់ ក្រោយមក​ក៏​ចាប់​ផ្តើម​វិញ បន្តិច​ក្រោយ​ទៀត​មក​ក៏​ឈប់​ធ្វើ​ទៀត​។ ​ពេល​និយាយ​ហាក់ដូចជា​ ងាយ​ខ្លាំង​ណាស់​​ប៉ុន្តែ​ពេល​ចេញ​សកម្មភាព​វិញ គឺ​និយាយ​មិន​ចេញ​តែម្តង។​

​នេះ​គឺជា​ ដំណើរ​មិន​ច្បាស់លាស់ ឬ មិន​ប្រាកដប្រជា​​មួយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិនអាច​​ឈាន​ដល់​ចំណុច​ដែល​ចង់បាន​។ ​នេះ​គឺជា​ការ​ពិត​មួយ​ ​ដែល​​មនុស្ស​ភាគច្រើន​ជួបប្រទះ​ ធ្វើ​ឲ្យ​ពួកគេ​មិនអាច​រក្សា​កម្លាំងចិត្ត​ ​​ដើម្បី​បន្តការងារ​ឡើយ​។

២) ចង់​បាន​អ្វី​ដែល​ងាយ​ពេក
​វា​ជា​រឿង​ធម្មតា​ទេ​ ដែល​មនុស្ស​ភាគច្រើន​ចង់បាន​អ្វី​ដោយ​ងាយៗ​ ពោល​គឺ​ចង់​ជោគជ័យ​ ដោយ​​មិនបាច់​ប្រឹង។ ប៉ុន្តែ​ការ​ពិត​នៅ​ត្រង់ថា ​រាល់​លទ្ធផល ឬ ភាព​ជោគជ័យ​​ដ៏​អស្ចារ្យ​ទាំងអស់​ មិនអាច​កើតឡើង​ដោយ​គ្មាន​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​នោះ​ទេ។ ដូច្នេះ​ហើយ​បានជា មិនអាច​​ទទួល​បាន​លទ្ធផល​អ្វី​ជាដុំកំភួន​បាន​។ ​​នៅ​ពេល​មិនអាច​ទទួល​បាន​លទ្ធផល​ល្អ​ច្រើន​ដង​ពេក​ វា​ប្រាកដជា​ធ្វើ​ឲ្យ​មនុស្ស​​​បាក់ទឹកចិត្ត​ និង លែង​ចង់​ធ្វើ​អ្វី​បន្ត​ទៀត​។ ​​​

៣) ​​គិត​បែប​អវិជ្ជមាន
​​ការ​គិត​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះ​បើ​គិតថា ​អាច​ធ្វើ​បាន​នោះ លទ្ធផល​អាច​ល្អ ឬ មិនល្អ ប៉ុន្តែ​បើ​គិត​ថា​មិនល្អ ឬ ធ្វើ​បាន​កើត​នោះ នាំឲ្យ​លទ្ធផល​ស្មើនឹង​សូន្យ​តែម្តង។​ ដូច្នេះ​ហើយ ​បើ​ទោះ​បី​ជា​​ត្រូវ​ប្រឈម​នឹង​បញ្ហា​ច្រើន​ប៉ុណ្ណា​ក៏​ដោយ អ្នក​មិន​ត្រូវ​គិត​ ខ្លួន​មិនអាច​ធ្វើ​បាន​នោះ​ឡើយ​ ហើយ​ត្រូវតែ​សង្ឃឹម​ជានិច្ច​រហូតដល់​នាទី​ចុង​ក្រោយ​។

៤) ​​ចង់​ផ្លាស់ប្ដូរ​លឿន​ពេក
​ចង់​ផ្លាស់​ប្តូរ​អ្វី​មួយ​ គឺ​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ ព្រោះ​អ្វីៗ​បាន​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​។ មនុស្ស​ភាគច្រើន​ នៅពេល​ដឹង​ថា ​សកម្មភាព​របស់​ខ្លួន​មិនល្អ​នោះ ​ក៏​ចាប់ផ្តើម​ព្យាយាម​ផ្លាស់ប្ដូរ​​ភ្លាមៗ​ឲ្យបាន​១០០ ភាគរយ​តែម្តង។ វា​ជា​រឿង​ល្អ​ដែល​ចង់​ផ្លាស់ប្ដូរ​អ្វី​ដែល​អាក្រក់ ប៉ុន្តែ​ចំណុច​សំខាន់​ត្រង់​ថា ​ការ​ផ្លាស់ប្ដូរ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ដូច្នេះ​ហើយ​​បើ​ព្យាយាម​ផ្លាស់ប្ដូរ​លឿន​ពេក​ នោះ​វា​មិន​អាច​ផ្តល់​ផល​ល្អ​ទេ ព្រោះ​មិន​ត្រឹមតែ​មិនអាច​ផ្លាស់ប្ដូរ​បានទេ ថែម​ទាំង​បង្កើត​បញ្ហា​មួយ​ផ្សេង​ទៀត​ នាំឲ្យ​បញ្ហា​កាន់​តែ​ស្មុគស្មាញ​៕

​ការ​តស៊ូ និង ភាព​ជា​អ្នកដឹកនាំ​​មិន​អាច​កាត់ថ្លៃ​បាន​​របស់​លោក ​Abraham Lincoln ​​​អតីត​ប្រធានាធិបតី​ទី​១៦​ អាមេរិក

ការ​តស៊ូ និង ភាព​ជា​អ្នកដឹកនាំ​​មិន​អាច​កាត់ថ្លៃ​បាន​​របស់​លោក ​Abraham Lincoln ​​​អតីត​ប្រធានាធិបតី​ទី​១៦​ អាមេរិក
លោក ​Abraham Lincoln ​​​អតីត​ប្រធានាធិបតី​ទី​១៦​ អាមេរិក     dailyfinance.com 
ប្រសិនបើ​ គេ​និយាយ​អំពី​មេដឹកនាំ​ល្បីល្បាញ​នៅ​ជុំវិញ​​ពិភពលោក គេ​មិន​អាច​មើល​រំលង​​ លោក​ Abraham Lincoln ​អតីត​​ប្រធានាធិបតី​ទី​១៦​របស់​អាមេរិក​​បាន​ឡើយ។ ​សម្រាប់​សហរដ្ឋ​អាមេរិក​វិញ​ គេ​ចាត់​ទុក ​Abraham Lincoln ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​មួយ​រូប​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ ដែល​បាន​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ការ​រីកចម្រើន​ និង មាន​វត្តមាន​​នៅ​លើ​ក្រដាស​ប្រាក់ ​៥ ដុល្លារ​អាមេរិក​ទៀត​ផង​។

​កើត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​​​​​​
លោក ​កើត​នៅ​ថ្ងៃទី ​១២ ខែ​ ​កុម្ភៈ ឆ្នាំ ​១៨០៩​ ​ក្នុង​គ្រួសារ​កសិករ​នៅ​​តំបន់ ​Hardin County នៃ​រដ្ឋ Kentucky។ ​ឪពុក​របស់​លោក​ ព្យាយាម​បណ្តុះបណ្តាល​កូន​ឲ្យ​ក្លាយ​ជា​កសិករ​ប៉ិនប្រសប់​ម្នាក់​ ប៉ុន្តែ​ Lincoln​ ហាក់​ដូចជា​មិនសូវ​ពេញចិត្ត​នឹង​ជីវិត​បែបនេះ​ហើយ ព្រោះ​វា​ជា​ការងារ​ដែល​ត្រូវ​ចំណាយ​កម្លាំង​ច្រើន​ និង លំបាក​ខ្លាំង។

​ការ​ផ្លាស់​ទីលំនៅ​ទៅកាន់​​រដ្ឋ Indiana  
​​​​​ដោយសារតែ​មាន​ជម្លោះដីធ្លី​នៅ​តំបន់​ដែល​កំពុង​រស់នៅ​ គ្រួសារ​ទាំងមូល​ក៏​បាន​សម្រេច​ចិត្ត​ផ្លាស់​ទី​លំនៅ​ទៅកាន់​រដ្ឋ Indiana ក្នុង​ឆ្នាំ ១៨១៦។ ​ប៉ុន្តែ​នៅ​ពេល​រស់នៅ​ទីនោះ​មិនបាន​ប៉ុន្មាន​ផង​ ​ម្តាយ​របស់ Abraham Lincoln​ក៏​បាន​ស្លាប់​ដោយសារ​ពុល​ទឹកដោះគោ​។ ក្រោយមក​ឪពុក​របស់​លោក ក៏​រៀបការ​ជាមួយ​នឹង​នារី​ម្នាក់​ទៀត ប៉ុន្តែ Lincoln ស្រលាញ់​រាប់​អាន​ម្តាយចុង​របស់​ខ្លួន​ដូច​ម្តាយ​បង្កើត​អញ្ចឹង។ ​នៅ​ពេល​នោះ​ ​គ្រួសារ​របស់​លោក​មាន​ជីវភាព​មិនល្អ​នោះ​ឡើយ ដូច្នេះ​ហើយ​សមាជិក​គ្រួសារ​ម្នាក់ៗ​បាន​ព្យាយាម​ធ្វើការ​ដោយ​កម្លាំង​ដើម្បី​ចិញ្ចឹម​ជីវិត។ ​

​អាន​សៀវភៅ ជំនួស​ឲ្យ​ការ​ចូល​សាលា​​​
​ដោយសារតែ​មាន​ជីវភាព​លំបាក​ Abraham Lincoln​ ​មិន​បាន​ចូល​សិក្សា​នៅ​សាលា​ជាប់​លាប់​ដូច​ក្មេង​ដទៃ​ទៀត​នោះ​ទេ​។ ​បើ​តាម​ឯកសារ​មួយ​ចំនួន​បញ្ជាក់​ថា លោក​បាន​ចូល​សាលា​ជា​លក្ខណៈ​ផ្លូវការ​ សរុប​ទៅ​ប្រហែល​មួយ​ឆ្នាំ​ប៉ុណ្ណោះ​។ ប៉ុន្តែ​​យ៉ាងណាក៏ដោយ​ លោក​មិនដែល​ចុះចាញ់​ត្រឹមនេះ​ឡើយ ពោល​គឺ លោក Lincoln​ ​​ បាន​ជ្រើសរើស​ការ​អាន​សៀវភៅ​ ជំនួស​ឲ្យ​ការ​ចូលរៀន​នៅ​សាលា​ផ្លូវការ​។ ​លោក បាន​ស្វះស្វែង​​រៀនសូត្រ​យ៉ាង​ខ្លាំង​ បើ​ទោះ​បី​ជា​មិនអាច​ចូល​សាលារៀន​ក្តី ​ដោយ​ព្យាយាម​ខ្ចី​សៀវភៅ​ពី​គ្រប់​ទី​កន្លែង​ដើម្បី​ផ្តល់​ជា​អាហារ​សម្រាប់​ខួរក្បាល​។

មិនដែល​ចូល​រៀន​សាលា​ច្បាប់ តែ​​ប្រលង​ជាប់​មេធាវី​​​
នៅ​ពេល​​អាយុ​២០​ឆ្នាំ​ លោក​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ផ្នែក​ច្បាប់ ហើយ​ក៏​ស្វះស្វែង​រក​សៀវភៅ​ជាច្រើន​ទាក់ទង​នឹង​ច្បាប់​ដើម្បី​ស្រាវជ្រាវ​។ ​នៅពេល​មានអាយុ២១​ឆ្នាំ​លោក​ក៏បាន​ធ្វើដំណើរ​ទៅកាន់​រដ្ឋ Illinois​។ ​ទៅដល់​ទីនោះ​លោក​បាន​សម្រេចចិត្ត​ថា ចង់​សិក្សា​ផ្នែក​ច្បាប់​ដើម្បី​​ ក្លាយជា​មេធាវី​ម្នាក់​។ នៅ​ក្នុង​ឆ្នាំ ១៨៣៦ ​លោក​បាន​សម្រេច​ចិត្ត​ចុះឈ្មោះ​ប្រលង​ដើម្បី​ក្លាយ​ជា​មេធាវី​ បើ​ទោះបី​ជា​មិនដែល​ចូល​សាលា​ក៏ដោយ​។ ​នៅ​ទីបំផុត​លោក ក៏​បាន​ប្រលង​ជាប់​ ដែល​វា​ជា​រឿង​ដ៏​អស្ចារ្យ​ខ្លាំង​បំផុត​។​ ក្រោយពី​ប្រលង​ជាប់​ហើយ ​លោក​ក៏​ទទួល​បាន​អាជ្ញាប័ណ្ណ​ដើម្បី​ក្លាយ​ជា​មេធាវី​​៕​

សំនួរ​ជីវិត​ទាំង ៧ ដែល​អ្នក​ត្រូវ​រក​ចម្លើយ​ឲ្យ​ខ្លួន​ឯង​មុន​ពេល​ឈាន​ដល់​វ័យ ៣០ ឆ្នាំ

សំនួរ​ជីវិត​ទាំង ៧ ដែល​អ្នក​ត្រូវ​រក​ចម្លើយ​ឲ្យ​ខ្លួន​ឯង​មុន​ពេល​ឈាន​ដល់​វ័យ ៣០ ឆ្នាំ
រូបតំណាង     businessinsider.com 
១) ប្រសិន​បើ​ខ្ញុំ​ស្លាប់​នៅ​ថ្ងៃ​ស្អែក តើ​ខ្ញុំ​មាន​អារម្មណ៍​ពេញ​ចិត្ត​នឹង​ជីវិត​ខ្ញុំ​ពេល​នេះ​ឬ​ទេ? ៖ អ្នក​ត្រូវ​ចាំ​ថា​គ្មាន​ពាក្យ​ថា​ស្ដាយ​ក្រោយ​ឡើង​ក្នុង​ជីវិត​មនុស្ស​ដើម្បី​ចាប់​ផ្ដើម​សាជាថ្មី​ពេល​អ្នក​បរាជ័យ ហេតុ​ដូច​នេះ​អ្នក​ត្រូវ​ចេះ​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។ ប្រសិន​បើ​អ្នក​មិន​ពេញ​ចិត្ត​និង​ជីវិត​ខ្លួន​ឯង​ពេល​នេះ​ទេ អ្នក​ត្រូវ​តែ ចំណាយ​ពេល​គិត​ឡើង​វិញ​ពី​របៀប​ដែល​អ្នក​ប្រើប្រាស់​ពេល​វេលា​ខ្លួន​ឯង​ ព្រោះ​វា​គ្មាន​អ្វី​ជាក់​លាក់​ឡើង​នៅ​ក្នុង​ជីវិត​មនុស្ស។

២) តើ​អ្វី​ជា​ភារកិច្ច​ដ៏​មាន​តម្លៃ​របស់​ខ្ញុំ​ដែល​ត្រូវ​ធ្វើ? ៖ នេះ​អាច​ជា​សំនួរ​សំខាន់​មួយ​សម្រាប់​ជីវិត​ជា​យុវវ័យ​របស់​អ្នក តើ​ឥឡូវ​អ្នក​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ជា​ប្រយោជន៍។ នៅ​ក្នុង​អាជីវកម្ម​វិញ​ តើ​អ្វី​ដែល​អ្នក​ចង់​បង្កើត​ឲ្យ​ក្លាយ​ជា​របស់​ផ្ទាល់​ខ្លួន​អ្នក ហើយ​វា​មាន​តម្លៃ​ប៉ុណ្ណា? នៅ​ពេល​ដែល​អ្នក​អាច​រក​ឃើញ​នូវ​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​របស់​អ្នក ឬ ទេពកោសល្យ​របស់​អ្នក នោះ​អ្នក​នឹង​អាច​ក្លាយ​ជា​អ្នក​ជំនាញ​មួយ​ពិត​ប្រាកដ។

៣) តើ​នរណា​ជា​អ្នក​ដែល​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ​ខ្លាំង​ជាង​គេ? ៖ អ្នក​ត្រូវ​ចេះ​គិត​ដល់​បុគ្គល​ជោគជ័យ​មួយ​ណា មេដឹកនាំ​មួយ​ណា សហគ្រិន​រូប​ណា ដែល​អ្នក​ស្រលាញ់​ខ្លាំង​ជាង​គេ ហើយ ចង់​ក្លាយ​ខ្លួន​ដូច​ពួក​គេ ត្រូវ​ចេះ​ស្វែង​យល់​ពី​ជីវិត​ពួក​គេ បទពិសោធន៍ មក​ធ្វើ​ជា​គំរូ​ផ្ទាល់​ខ្លួន​អ្នក​ ដើម្បី​ផ្ដល់​ក្ដី​សង្ឃឹម​ឲ្យ​ខ្លួន ដើម្បី​បន្ត​ចាប់​យក​ក្ដី​ស្រមៃ​របស់​ខ្លួន។

៤) ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ក្រោក​នា​ពេល​ព្រឹក​ព្រលឹម? ៖ នេះ​ជា​ការ​រំលឹក​អ្នក តើ​អ្វី​ជា​គោល​បំណង​របស់​អ្នក ដែល​ត្រូវ​តែ​តម្រូវ​ឲ្យ​ភ្ញាក់​ពី​ព្រលឹម។ ចម្លើយ​សម្រាប់​សំនួរ​នេះ​ក៏​មិន​ងាយ​ស្រួល​ឆ្លើយ​នោះ​ដែរ ប៉ុន្តែ​អ្នក​នៅ​តែ​មាន​គោល​បំណង​ច្បាស់​លាស់​នៅ​ក្នុង​ខ្លួន នៅ​ពេល​ដែល​អ្នក​មើល​ឃើញ​ពី​គោល​បំណង​និង​មើល​ឃើញ​ពី​​ខ្លួន​ឯង​កាន់​តែ​ច្រើន អនុភាព​ដ៏​អស្ចារ្យ​ ជា​ច្រើន​កំពុង​តែ​រង​ចាំ​អ្នក។

៥) តើ​ខ្ញុំ​ចំណាយ​ពេល​វេលា​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ​ដើម្បី​សិក្សា? ៖ អ្នក​ត្រូវ​ចេះ​កត់​ត្រា​ខ្លួន​ឯង​តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​នៅ​ថ្ងៃ​នេះ​ ហើយ​អ្នក​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​រៀន​វា។

៦) តើ​អ្នក​ណា​ដែល​ខ្ញុំ​គួរ​ស្រលាញ់ ហើយ តើ​ខ្ញុំ​បាន​ប្រាប់​គេ ឬ បង្ហាញ​ឲ្យ​ឃើញ​ថា​ខ្ញុំ​ស្រលាញ់​គេ​យឺត​ពេល​ឬ​ទេ? ៖ អ្នក​មិន​ត្រូវ​រំពឹង​ថា​មនុស្ស​ដ៏​ទៃ​យល់​ពី​អារម្មណ៍​របស់​អ្នក​ឡើយ សូម្បី​តែ​មិត្តភ័ត្តិ និង គ្រួសារ​ពេល​ខ្លះ​ពួក​គេ​មិន​អាច​យល់​ពី​អារម្មណ៍​របស់​អ្នក​នោះ​ទេ។ អ្នក​ត្រូវ​តែ​ចេះ​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ​ថា​អ្នក ស្រលាញ់​ពួក​គេ​ប៉ុណ្ណា បារម្ភ​ពី​ពួក​គេ​ប៉ុណ្ណា។

៧) តើ​អ្វី​ទៅ​ជា​និយម​ន័យ​នៃ​ពាក្យ​ជោគជ័យ​សម្រាប់​ខ្លួន​ខ្ញុំ? នេះ​ជា​សំនួរ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​គ្រប់​រូប​មាន​ការ​ផ្លាស់​ប្តូរ ព្រោះ​នៅ​ពេល​ដែល​អ្នក​អាច​កំណត់​និយម​ន័យ​ពាក្យ​ជោគជ័យ​ឲ្យ​ខ្លួន​ឯង​ហើយ​នោះ វា​ជា​មគ្គុទ្ទេសក៍​មួយ​ជួយ​នាំ​ផ្លូវ​អ្នក ក្នុង​ការ​បង្កើត​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ។

គន្លឹះ​ទាំង ៨ ដើម្បី​បើក​អាជីវកម្ម​ឲ្យ​ជោគជ័យ​ពី​សេដ្ឋី​សហគ្រិន Peter Jones

គន្លឹះ​ទាំង ៨ ដើម្បី​បើក​អាជីវកម្ម​ឲ្យ​ជោគជ័យ​ពី​សេដ្ឋី​សហគ្រិន Peter Jones
គន្លឹះ​ទាំង ៨ ដើម្បី​បើក​អាជីវកម្ម​ឲ្យ​ជោគជ័យ​ពី​សេដ្ឋី​សហគ្រិន Peter Jones     www.peterjones.com 
លោក Peter Jones គឺ​ជា​សេដ្ឋី​សហគ្រិន និង ជា​អ្នក​ជំនួញ​មួយ​រូប​ជនជាតិ​អង់គ្លេស លោក​គឺ​ជា​អ្នក​វិនិយោគ​ខាង ទូរស័ព្ទ​ដៃ ទូរទស្សន៍​ និង បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ តើ​អ្វី​ខ្លះ​ជា​គន្លឹះ​ដើម្បី​ធ្វើ​ឲ្យ​លោក​ជោគជ័យ​ក្នុង​ជីវិត​អាជីវកម្ម​នា​ពេល​កន្លង​មក​របស់​លោក។

១) ជំនួស​ភាព​បរាជ័យ ដោយ​មតិ​វាយ​តម្លៃ​ពី​មនុស្ស​ជុំវិញ​ខ្លួន ៖ លោក Peter Jones រៀប​រាប់​ថា​បរាជ័យ​គឺ​ជា​មេរៀន​ដែល​អ្នក​ត្រូវ​ដើម្បី​ភាព​ជោគជ័យ​របស់​ខ្លួន ហើយ​វិធី​នៃ​ការ​រៀន​ពី​វា​មនុស្ស​មាន​វិធី​រៀងៗ​ខ្លួន​ចំណែក​លោក​គឺ​រៀន​តាម​រយៈ​គំនិត​វាយ​តម្លៃ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ឯង​លើ​បរាជ័យ​របស់​ខ្លួន។

២) ត្រូវ​មាន​ទស្សនវិស័យ​ ៖ លោក Peter Jones ថ្លែង​ថា​ មិន​ថា​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន ឬ ក្នុង​ជីវិត​អាជីវកម្ម​នោះ​ទេ អ្នក​ត្រូវ​តែ​មាន​ទស្សនវិស័យ​មួយ​ច្បាស់​លាស់ ព្រោះ​ជា​កត្តា​សំខាន់​សម្រាប់​ចង្អុល​បង្ហាញ​ផ្លូវ​ថា​អ្នក​គួរ​ទៅ​កន្លែង​ណា ដោយ​វិធី​ណា។

៣) ធ្វើ​គ្រប់​រឿង​ទាំង​អស់ ៖ ធ្វើ​គ្រប់​រឿង​ទាំង​អស់​ សំដៅ​ទៅ​លើ​រឿង​ដែល​អ្នក​អាច​ធ្វើ​បាន ហេតុ​ដូច្នេះ​នៅ​ពេល​ដែល​អ្នក​ធ្វើ​រឿង​កាន់​តែ​ច្រើន​ដែល​អ្នក​អាច​ធ្វើ​បាន នោះ​វា​បាន​បង្ហាញ​ឲ្យ​កាន់​តែ​ឃើញ​ច្បាស់​ថា​អ្នក​ជា​បុគ្គល​អស្ចារ្យ​មួយ​ខុស​ពី​មនុស្ស​ដទៃ។

៤) ស្រាវជ្រាវ​ពី​គំនិត​ខ្លួន​ឯង ៖ លោក Peter Jones ពន្យល់​ពី​ចំណុច​នេះ​ថា ស្រាវជ្រាវ​ពី​គំនិត​ខ្លួន​ឯង​ថា​អ្នក​កំពុង​បង្កើត​អ្វី បង្កើត​ឲ្យ​នរណា ហើយ​នៅ​កន្លែង​ណា​ដែល​ជា​ទីផ្សារ​របស់​អ្នក ហើយ​អ្វី​ដែល​អ្នក​បង្កើត​នោះ វា​ត្រូវ​តាម​តម្រូវ​ការ​អតិថិជន នា​ពេល​បច្ចុប្បន្ន​ និង​នៅ​ពេល​អនាគត​ឬ​ទេ ដែល​នេះ​ជា​ចំណុច​មួយ​សំខាន់​ នៅ​ពេល​ចាប់​ផ្តើម​អាជីវកម្ម​ដំបូង។

៥) គ្រប់​គ្រង​ពេល​វេលា​ខ្លួន​ឯង ៖ សម្រាប់​ជីវិត​សហគ្រិន​ រយៈ​ពេល ១ នាទីៗ មាន​សារសំខាន់​ណាស់​សម្រាប់​ពួក​គេ ដូច្នេះ​អ្នក​ត្រូវ​តែ​ស្វែង​យល់​ពី​កិច្ចការ​ងារ​ណា​ដែល​ចាំ​បាច់​បំផុត និង នាំ​ទៅ​រក​គោលដៅ​របស់​អ្នក​បំផុត​ត្រូវ​ធ្វើ​ ព្រោះ​វា​អាច​ជួយ​សន្សំ​ពេល​វេលា​របស់​អ្នក​បាន​កាន់​តែ​ច្រើន។

៦) ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ច្រើន​ចំពោះ​រឿង​អ្វី​មួយ​ដែល​មិន​ទាន់​ជោគជ័យ ៖ នៅ​ពេល​ដែល​អ្នក​ធ្វើ​រឿង​អ្វី​មួយ​មិន​ទាន់​ជោគជ័យ​អ្នក​ត្រូវ​តែ​ព្យាយាម​អនុវត្តន៍​បន្ថែម​ទៀត នូវ​ក្នុង​របៀប​មួយ​ផ្សេង​ទៀត ដែល​វា​ជួយ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​គំនិត​ច្នៃ​ប្រឌិត​ក្នុង​ការ​បង្កើត​អ្វី​មួយ​ចេញ​ជា​រូប​រាង​ក្នុង​វិធី​យ៉ាង​ច្រើន​ផ្សេង​គ្នា។

៧) ត្រូវ​តែ​អនុវត្តន៍ ៖ លោក Peter Jones ផ្តល់​ដំបូន្មាន​ថា មិន​ខ្វល់​អ្នក​មាន​ដើម​ទុន​ប៉ុណ្ណា មាន​គម្រោង​ល្អ​ប៉ុណ្ណា មាន​យុទ្ធសាស្ត្រ​ប៉ុណ្ណា​នោះ​ទេ ដរាប​ណា​អ្នក​មិន​បាន​អនុវត្តន៍​ រាល់​អ្វីៗ​ទាំង​អស់​ដែល​អ្នក​បាន​គិត វា​មិន​អាច​លេច​ចេញ​ជា​រូប​រាង​បាន​ឡើយ។

៨) រីករាយ​ជាមួយ​អ្វី​ដែល​អ្នក​បាន​ធ្វើ ៖ នូវ​ពេល​ដែល​អ្នក​ធ្វើ​រឿង​ដែល​អ្នក​ស្រលាញ់​ចូល​ចិត្ត វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​នេះ​ជា​ជម្រើស​របស់​អ្នក នេះ​ជា​សេរីភាព​របស់​អ្នក ទោះ​បី​ជា​មួយ​សប្តាហ៍​អ្នក​ធ្វើ​ការងារ ៧០ ម៉ោង​ក៏​ដោយ​អ្នក​នូវ​តែ​រីករាយ​ជាមួយ​ការងារ​អ្នក ព្រោះ​វា​ជា​អ្វី​ដែល​អ្នក​ស្រលាញ់។

តើ​មហាសេដ្ឋី Nick Woodman ស្ថាបនិក​ក្រុមហ៊ុន GoPro មាន​ប្រវត្តិ​យ៉ាង​ដូចម្តេច​ខ្លះ​ក្នុង​ការ​បើក​អាជីវកម្ម?

តើ​មហាសេដ្ឋី Nick Woodman ស្ថាបនិក​ក្រុមហ៊ុន GoPro មាន​ប្រវត្តិ​យ៉ាង​ដូចម្តេច​ខ្លះ​ក្នុង​ការ​បើក​អាជីវកម្ម?
លោក Nick Woodman ស្ថាបនិក និង ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន GoPro     Forbes.com 
លោក Nick Woodman គឺ​ជា​មហាសេដ្ឋី​សហគ្រិន សញ្ជាតិ​អាមេរិក មួយ​រូប​ដ៏​ល្បីល្បាញ តាម​រយៈ​ស្នាដៃ​ការ​បង្កើត​កាមេរ៉ា​ធុន​តូច​។ លោក Nick Woodman គឺ​ជា​ស្ថាបនិក និង ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន GoPro ដែល​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ លោក​មាន​ទ្រព្យសម្បត្តិ ច្រើន​ជាង ១ ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើ​យោង​តាម​គេហទំព័រ Forbes។ តើ​មហាសេដ្ឋី​រូប​នេះ​មាន​ប្រវត្តិ​យ៉ាង​ដូច​ម្ដេច​ខ្លះ​ ក្នុង​ដំណើរ​ការ​បើក​អាជីវកម្ម​របស់​លោក?

លោក Nick Woodman កើត​នៅ​ថ្ងៃ​ទី ២៤ មិថុនា ឆ្នាំ ១៩៧៥ នៅ​ក្នុង​ទីក្រុង Woodside រដ្ឋ California សហរដ្ឋ​អាមេរិក។ គ្រួសារ​របស់​លោក​គឺ​ជា​សហ​ស្ថាបនិក​ធនាគារ វិនិយោគ Robertson Stephens។ លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ពី​សាកល​វិទ្យាល័យ​ University of California, San Diego ក្នុង​ឆ្នាំ ១៩៩៧។ ក្រោយ​ពី​ចប់​ការ​សិក្សា​ភ្លាម​ លោក Nick Woodman បាន​បង្កើត​ក្រុមហ៊ុន​ចំនួន ២ គឺ EmpoerAll.com លក់​សម្ភារៈ​គ្រឿង​អេឡិចត្រូនិក និង មួយ​ទៀត​ជា​កម្មវិធី​ហ្គេម​លើ​គេហទំព័រ ដែល​អ្នក​លេង​អាច​ឈ្នះ​ប្រាក់ ប៉ុន្តែ​មិន​បាន​ទទួល​ជោគជ័យ​ឡើយ។

ខណៈ​ពេល​ដែល​លោក​បាន​ចំណាយ​ពេល​ដើរ​លេខ​នៅ​ប្រទេស អូស្ត្រាលី និង ឥណ្ឌូណេស៊ី លោក Nick Woodman បាន​ប្រើប្រាស់​កាមេរ៉ា ថត​រូប​ដែល​មាន​ Len ទំហំ ៣៥ មីលីម៉ែត្រ ដើម្បី​ថត​រូបភាព​វីដេអូ​ផ្សេងៗ​នា​ពេល​ដំណើរ​កម្សាន្ត​នោះ។ ពេល​នោះ​លោក​មើល​ឃើញ​ថា​ អ្នក​ចូល​ចិត្ត​ថត​រូប​ដូច​ជា​រូប​លោក​ ដែល​ចង់​ថត​រូប និង វីដេអូ ប្រកប​ដោយ​គុណភាព​ ពិត​ជា​ពិបាក​ណាស់ ព្រោះ​ខ្លួន​មិន​អាច​ចូល​ទៅ​ជិត​សកម្មភាព​ដែល​ខ្លួន​ចង់​ថត និង ពេល​ខ្លះ​គ្មាន​លទ្ធភាព​គ្រប់​គ្រាន់​ដើម្បី​ទិញ​សម្ភារៈ​សម្រាប់​ថត​រូប​ថ្លៃៗ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​មាន​គំនិត ចង់​បង្កើត​កាមេរ៉ា ធុន​តូច​តែ​គុណ​ភាព​នៃ​ការ​ថត​បាន​ល្អ ទើប​ធ្វើ​ឲ្យ​លោក​បង្កើត​ក្រុមហ៊ុន​មួយ​ឡើង​មាន​ឈ្មោះ​ថា GoPro។

កាមេរ៉ា GoPro ត្រូវ​បាន​លោក Nick Woodman បង្កើត​ឡើង​ជាមួយ​ខ្សែក្រវាត់​ដែល​អាច​ពាក់​កាមេរ៉ា​ជាប់​នឹង​ខ្លួន​បាន។ កាមេរ៉ា GoPro បង្កើត​ឡើង​ដំបូង​ជាមួយ​ទំហំ Len ៣៥ មីលីម៉ែត្រ និង​ក្រោយ​មក​ទៀត​បាន​អភិវឌ្ឍ​ដោយ​បំពាក់ WiFi លើ​កាមេរ៉ា​នេះ ដើម្បី​បញ្ជា​ការ​ថត​ពី​ចម្ងាយ និង បាន​បន្ថែម​កន្លែង​ដាក់ Micro SD សម្រាប់​អ្នក​ចូលចិត្ត​ថត​រូប​វីដេអូ​ដំណើរ​កម្សាន្ត។ ក្រោយ​មក​ទៀត​ កាមេរ៉ា GoPro ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដើម្បី​បំពាក់​លើ​រថយន្ត​ អាច​ចាប់​រូប​ភាព​បាន​ច្បាស់​ល្អ​ទោះ​បី​ជា​រថយន្ត​បើក​ក្នុង​ល្បឿន​មួយ​ដ៏​លឿន​ក៏​ដោយ។

នៅ​ក្នុង​ឆ្នាំ ២០០៤ ក្រុមហ៊ុន​បាន​ធ្វើ​ការ​លក់​កាមេរ៉ា​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​មួយ​នូវ​កាមេរ៉ា​ចំនួន ១០០ គ្រឿង​ដែល​នេះ​ជា​ដំណាក់​កាល​ដំបូង​នៃ​ការ​លក់​ដាច់​បំផុត។ មក​ដល់​ឆ្នាំ ២០១២ ក្រុមហ៊ុន​បាន​លក់​ដាច់​អស់​កាមេរ៉ា​រហូត​ដល់​ទៅ ២,៣ លាន​គ្រឿង។ ចាប់​តាំង​ពី​ពេល​នោះ​មក​លោក Nick Woodman ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​នៅ​ក្នុង​សន្និសីទ​ផ្នែក​បច្ចេកវិទ្យា​ជា​ច្រើន​ស្តី​ពី​បទពិសោធន៍​ និង​គន្លឹះ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​លោក​ជោគជ័យ។

ទម្លាប់​៩​យ៉ាង​របស់​បុគ្គល​ជោគជ័យ​តែង​​ធ្វើ​មុន​ពេល​​ចូល​គេង

ទម្លាប់​៩​យ៉ាង​របស់​បុគ្គល​ជោគជ័យ​តែង​​ធ្វើ​មុន​ពេល​​ចូល​គេង
ទម្លាប់​៩​យ៉ាង​របស់​បុគ្គល​ជោគជ័យ​តែង​​ធ្វើ​មុន​ពេល​​ចូល​គេង     gunnarfreyr 
តើ​ប្រិយមិត្ត​បាន​ធ្វើ​អ្វី​ខ្លះ​មុន​ពេល​ចូលគេង? នឹក​ដល់​សំណួរ​​នេះ​ លោក​អ្នក​អាច​ចាប់​ផ្តើម​គិត​មើល​ឡើង​វិញ​​ពី​អ្វី​ដែល​​លោក​អ្នក​បាន​ធ្វើ​មុន​ពេល​ចូលគេង​កាល​ពី​​យប់មិញ។ ទោះបី​ជា​ចម្លើយ​​របស់​​ប្រិយមិត្ត​​ចេញ​មក​ក្នុង​រូបភាព​បែប​ណា​ក៏ដោយ ការ​ពិត​នៃ​ការ​លើកឡើង​​​សំណួរ​នេះ​​​ គ្រាន់តែ​ចង់​បង្ហាញ​លោក​អ្នក​ឲ្យ​ស្វែង​យល់​ពី​ទម្លាប់​មួយចំនួន​របស់​បុគ្គល​ជោគជ័យ​មុន​ពេល​គេង​តែ​ប៉ុណ្ណោះ។

ដូច្នេះ សូម​ប្រិយមិត្ត​សាក​ផ្ទៀងផ្ទាត់​ទាំងអស់​គ្នា​មើល៍​ថា តើ​ទម្លាប់​របស់​អ្នក ដូច​ទៅ​នឹង​ទម្លាប់​​ ៩​ យ៉ាង​​របស់​បុគ្គល​ជោគជ័យ​ខាង​ក្រោម​នេះ​​ឬ​យ៉ាងណា?​​​

១) បែងចែក​ពេលវេលា​
​គ្មានឡើយ​ភាព​ខ្ជះខ្ជាយ​ពេលវេលា​ឥតប្រយោជន៍​របស់​បុគ្គល​ជោគជ័យ។ បុគ្គល​ប្រភេទ​នេះ​បាន​ដឹង​ថា ​ការ​កំណត់​ពេលវេលា​ធ្វើ​កិច្ចការ​​ប្រចាំ​ថ្ងៃ​នីមួយៗ​ឲ្យ​បាន​ត្រឹមត្រូវ​​ និង​ធ្វើ​ឲ្យ​ខ្លួន​មាន​តម្លៃ អាច​គោរព​តាម​ផែនការ​របស់​ខ្លួន។ ពេលវេលា​សម្រាប់​ការងារ ការ​ទទួល​ទាន​អាហារ ការ​ជួបជុំ​គ្រួសារ មិត្តភក្ដិ ​លំហែកាយ ឬ ចូលគេង​សុទ្ធ​តែ​ត្រូវ​បាន​បែងចែក​យ៉ាង​ត្រឹមត្រូវ​ជា​មុន ទើប​អ្វីៗ​អាច​សម្រេច​​បាន​តាម​​​​ផែនការ​​​​ទាំង​នេះ​ ក្រោយ​ពេល​ខ្លួន​ក្រោក​ពី​ដំណេក​នៅ​ថ្ងៃស្អែក។ ​

២) អាន​សៀវភៅ
​បុគ្គល​ជោគជ័យ​នៅ​លើ​ពិភពលោក​​ភាគច្រើន​​ចូលចិត្ត​អាន​សៀវភៅ​ណាស់។ មនុស្ស​ប្រភេទ​នេះ តែង​ចូល​ចិត្ត​អាន និង រៀន​ពី​អ្វី​ដែល​ជា​គំនិត​របស់​អ្នក​ដទៃ។ តើ​អ្នក​​មាន​ដឹង​ទេ​ថា ការ​​អាន​សៀវភៅ​​ គឺ​ជា​ផ្លូវកាត់​មួយ​សម្រាប់​អ្នក​​ឆ្ពោះ​ទៅ​រក​ជោគជ័យ​ដែរ​ឬទេ? បុគ្គល​​ជោគជ័យ​ទាំង​នោះ​មាន​ជាអាទិ៍​មហាសេដ្ឋី​អាមេរិក ប៊ីល ហ្គេត ​​ចំណាយ​ពេល​អាន​សៀវភៅ​រហូត​ដល់​​​​យប់​ជ្រៅ​​អស់កម្លាំង​​ចូល​ទៅ​គេង​​លក់​តែម្តង។

៣) ចំណាយ​ពេល​វេលា​​ជួបជុំ​សមាជិក​គ្រួសារ ឬ មិត្តភក្ដិ
​​​​​ជោគជ័យ​ ​កើត​ឡើង​តាម​រយៈ​ការ​ទំនាក់ទំនង។ ដូច្នេះ​ហើយ​​បាន​ជា​បុគ្គល​ជោគជ័យ​ទាំងឡាយ​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​​ ដើម្បី​ជួបជុំ​ជា​មួយ​គ្រួសារ​ និង​មិត្តភក្ដិ​ចែក​រំលែក​ចំណេះដឹង ក៏​ដូច​ជា​ពិភាក្សា​ពី​ការងារ​ជា​ដើម។ បុគ្គល​ជោគជ័យ​​ភាគច្រើន​ជ្រើសរើស​ថ្ងៃ​ពុធ​រៀងរាល់​សបា្តហ៍​សម្រាប់​ការ​ជួបជុំ​ជា​មួយ​មិត្តភក្ដិ ហើយ​ក្រៅ​ពី​នោះ​សម្រាប់​​ការ​ជួបជុំ​ជា​មួយ​គ្រួសារ។

៤) រៀបចំ​គម្រោង​សម្រាប់​ធ្វើ​នៅ​ថ្ងៃ​ស្អែក
គម្រោង​សម្រាប់​ធ្វើ​​នៅ​​ថ្ងៃ​ស្អែក​ គឺ​ជា​ផែនការ​សំខាន់​មួយ​ ដែល​​បុគ្គល​​ជោគជ័យ​ត្រូវ​រៀបចំ​ឡើង​មុន​ពេល​គេង។ បន្ទាប់​មក​ គេ​ត្រូវ​រៀបចំ​​​ពី​អ្វី​ដែល​​ជា​តម្រូវការ​សម្រាប់​ត្រៀម​ខ្លួន​​​​សម្រេច​ផែន​ការនោះ​ ដូច​ជា​ការ​រៀបចំ​​សំណុំ​ឯកសារ​ដែល​ពាក់ព័ន្ធ សំលៀក​​បំពាក់​​​ត្រៀម​ទុកមុន​ជា​ដើម។

៥) ធ្វើ​សមាធិ
សកម្មភាព​ដ៏​អស្ចារ្យ​មួយ​ទៀត​របស់​បុគ្គល​ជោគជ័យ​ គឺ​ការ​ធ្វើ​សមាធិ នូវ​អ្វី​ដែល​ពួកគេ​យល់​ថា នឹង​ជួយ​​​ធ្វើ​ឲ្យ​សុខភាព​ផ្លូវកាយ​ និង​ផ្លូវ​ចិត្ត​របស់​ខ្លួន​មាន​ស្មារតី​រឹងមាំ​ល្អ​អាច​ជៀសវាង​បញ្ហា​ ឬ​សម្ពាធ​នានា​មក​លើ​រាងកាយ​​បាន​។​ បើ​អ្នក​អនុវត្ត​​ទម្លាប់​នេះ​បាន​ ​ប្រសិទ្ធភាព​នៃ​ការ​គិត​របស់​អ្នក​នឹង​ផ្ដោត​ទៅ​លើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ និង​មិន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​​រវើរវាយ​ទៀត​ផង។ អ្នក​អាច​ចំណាយ​ពេល​​​​ត្រឹមតែ​ ៥ ទៅ​ ១០​ នាទី​មុន​ពេល​គេង គឺ​គ្រប់គ្រាន់​ទៅ​ហើយ​សម្រាប់​ការ​សមាធិ​នេះ។​​​​

៦) មាន​ចក្ខុវិស័យ​​ខ្ពស់​លើ​ផែនការ​សម្រាប់​ថ្ងៃ​ស្អែក
វិធីសាស្ត្រ​មួយ​ដើម្បី​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​អ្វី​ដែល​នឹង​កើតឡើង​នៅ​ថ្ងៃ​ស្អែក គឺ​ចក្ខុវិស័យ​របស់​​​បុគ្គល​ជោគជ័យ។ ផែនការ ឬ គម្រោង​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ស្អែក ​គឺ​ជា​គោលដៅ​វាយលុក​​​សម្រេច​​ឲ្យ​​បាន​​របស់​អ្នក​ជោគជ័យ​​ដោយ​ទំនុកចិត្ត និង ភាព​ជឿជាក់ ​តាម​រយៈ​ការ​ស្វែង​រក​មធ្យោបាយ ឬ គន្លឹះ​​ល្អៗ ឈាន​ទៅ​ដល់​​សម្រេច​ផែនការ​នោះ។ ដូច្នេះ សម្រាប់​អ្នក អ្នក​​អាច​​ចំណាយ​ពេល​៥​នាទី ទៅ ១០​នាទី​រិះ​រក​វិធីសាស្ត្រ​នានា​សម្រាប់​​សម្រេច​ផែនការ​របស់​អ្នក​នៅ​ថ្ងៃ​ស្អែក។

៧) សរសេរ​សមិទ្ធផល​ដែល​សម្រេច​បាន​នៅ​ថ្ងៃ​នេះ
តើ​​អ្នក​បាន​សម្រេច​សមិទ្ធផល​អ្វី​ខ្លះ​​នៅ​ថ្ងៃ​នេះ? នេះ​ជា​សំណួរ​​មួយ​របស់​បុគ្គល​ជោគជ័យ​តែង​ចោទសួរ​ខ្លួនឯង​​មុន​ពេល​ចូលគេង។ វា​អាច​ជា​ចម្លើយ​អវិជ្ជមាន​សម្រាប់​អ្នក តែ​សម្រាប់​​បុគ្គល​ប្រភេទ​នេះ​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​។ ការ​ទទួល​​ទាន​អាហារ​ថ្ងៃ​ត្រង់ ពេល​ល្ងាច ឬ អាច​ត្រលប់​មក​ផ្ទះ​វិញ​បាន​ទៀងទាត់​​​ ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​សម្រាប់​បង្កើន​ភាព​​ស្និទ្ធស្នាល​​ក្នុង​គ្រួសារ នឹង​ធ្វើ​ឲ្យ​បុគ្គល​ទាំង​នេះ​គេង​លក់​ស្រួល។ ​បើ​លោក​អ្នក​មិន​មាន​​ចំណុច​​ខាង​លើ​​នេះ​ទេ បញ្ជាក់​ថា អ្នក​ត្រូវ​រៀបចំ​ខ្លួន​អ្នក​​ឡើង​វិញ។ លើក​ក្រោយ​អ្នក​អាច​សរសេរ​​ពី​សមិទ្ធផល ​៣ ​ក្នុង​ចំណោម​សមិទ្ធផល​​ចំនួន ​៥​ ដែល​អ្នក​សម្រេច​បាន​នៅ​ថ្ងៃ​នេះ ក៏​គ្រប់គ្រាន់​ដែរ។ ​

៨) ធ្វើ​អ្វី​ឲ្យ​ហើយ​នៅ​ថ្ងៃ​នេះ
តើ​អ្នក​ធ្លាប់​គិត​ទេ​ថា បុគ្គល​ជោគជ័យ​ជា​មនុស្ស​ខ្ជិល​ទុក​ការងារ​នៅ​គរ​ជើង​គ្នា​​រក​​ចេញ​ជា​សមិទ្ធផល​មួយ​គ្មាន? ចុះ​អ្នក​វិញ​យ៉ាង​ម៉េច​ដែរ? បើ​លោក​អ្នក​បំពេញ​ការងារ​មិន​អស់​ពី​ដៃ​ពី​ជើង ហើយ​ទុក​ចោល​ អាង​ថា​ចាំ​​ថ្ងៃ​​នេះ ឬ ថ្ងៃ​នោះ មួយ​ឆាក​ជីវិត​របស់​អ្នក​ប្រហែល​នៅ​តែ​ជា​មនុស្ស​​បរាជ័យ​ដដែល។ ​​​​នេះ​មិនមែន​មាន​ន័យ​ថា បុគ្គល​ជោគជ័យ​​​ទាំងអស់​អាច​​ធ្វើ​ការងារ​សុទ្ធតែ​រួចរាល់​​នោះ​ទេ តែបើ​​ការងារ​នោះ​សម្រេច​​មិន​បាន​នៅ​ថ្ងៃ​នេះ គេ​នឹង​​ប្ដេជ្ញា​ថា​ នឹង​ធ្វើ​ឲ្យ​ហើយ​នៅ​ថ្ងៃស្អែក។ ប៉ុន្តែ លោក​អ្នក​ត្រូវ​ចាំ​ថា បុគ្គល​ជោគជ័យ​​នៅ​លើ​លោក​​ជា​ទូទៅ​តែង​តែ​ធ្វើ​អ្វី​ឲ្យ​​ហើយ​នៅ​ថ្ងៃ​នេះ ទើប​ពួកគេ​អាច​គេង​លក់​ស្រួល​បាន​។​

៩) គេង​ឲ្យ​បាន​គ្រប់គ្រាន់
លោក​អ្នក​ពិត​ជា​ធ្លាប់​ស្ថិត​ក្នុង​ស្ថានភាព​​មួយ​ដែល​គេង​​​មិន​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​អ្នក​អស់កម្លាំង ងងុយគេង ​ធ្វើ​កិច្ចការ​អ្វី​​មិន​បាន​សម្រេច ហើយ​មិន​យូរ​មិន​ឆាប់​នឹង​មាន​ជំងឺ និង​បណ្តាល​ឲ្យ​សមត្ថភាព​ខួរក្បាល​ចុះ​ខ្សោយ​ជា​មិនខាន។ ដូច្នេះ ដើម្បី​​ទទួល​បាន​ជោគជ័យ​ដូច​​បុគ្គល​ជោគជ័យ​នានា លោក​អ្នក​ត្រូវ​គេង​ឲ្យ​​បាន​គ្រប់គ្រាន់​ទើប​ជា​ការ​ប្រសើរ៕

បុគ្គល ៤ រូប​​សុខចិត្ត​ឈប់រៀន​ទៅ​​ធ្វើ​ជំនួញ​​ក្លាយជាមហាសេដ្ឋី​មាន​លុយ​ច្រើន​បំផុត

បុគ្គល ៤ រូប​​សុខចិត្ត​ឈប់រៀន​ទៅ​​ធ្វើ​ជំនួញ​​ក្លាយជាមហាសេដ្ឋី​មាន​លុយ​ច្រើន​បំផុត
ពីឆ្វេង​មកស្ដាំ ៖ លោក​ Bill Gates , Larry Ellison , Mark Zuckerberg និង Mechael Del      
នៅពេលដែលលោកអ្នកកំពុងសិក្សានៅមហាវិទ្យាល័យ លោកអ្នកមានឱកាសបានក្រេបជញ្ជក់យកចំណេះវិជ្ជាយ៉ាងច្រើនឥតគណនា។ មហាវិទ្យាល័យជាទីកន្លែងប្រមូលផ្ដុំនូវចំណេះដឹង និងមុខវិជ្ជាសិក្សាសម្រាប់និស្សិតសិក្សាមុខវិជ្ជាដែលខ្លួនពេញចិត្ត ហើយចាប់អាជីពអ្វីមួយដែលត្រូវនឹងសញ្ញាបត្រដែលបានរៀនចប់ជាស្ថាពរ។ ការសិក្សាពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍខ្លួនឯងផង និងអភិវឌ្ឍសង្គមជាតិផង។ សមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបច្ចេកវិទ្យាទំនើប កើតមានពីការសិក្សារៀនសូត្រ។

ទោះជាយ៉ាងណាក្ដី នៅក្នុងពិភពលោកនេះ ក៏មានបុគ្គលមួយចំនួនអាចរកឃើញភាពជោគជ័យនៅក្នុងជីវិត និងមានទ្រព្យសម្បត្តិច្រើនមហាសាល ខណៈដែលអស់លោករៀនមិនបានចប់ថ្នាក់បរិញ្ញាបត្រជាស្ថាពរផង។ ខាងក្រោមនេះជាមហាសេដ្ឋីចំនួន ៥ រូបដែលមានប្រាក់រាប់សិបពាន់លានដុល្លារ ហើយបានឈប់រៀនកណ្ដាលទីពេលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ។

១- លោកប៊ីលហ្គេត (Bill Gates) ម្ចាស់ក្រុមហ៊ុន Microsoft 
មានប្រាក់ជាង ៨០ ពាន់លានដុល្លារ (ឯកសារខ្លះថាលោកមានប្រាក់ជាង ៧៩ ពាន់លានដុល្លារ)

លោកប៊ីលហ្គេតកើតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៥៥ នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ លោកប៊ីលហ្គេតសិក្សាបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យហាវើត (Harvard) ហើយក៏បានឈប់រៀនកណ្ដាលទី។ លោកប៊ីលហ្គេតជាបុគ្គលដែលមានបញ្ញាឈ្លាសវៃ និងមានចក្ខុវិស័យត្រឹមត្រូវ។ លោកយល់ថាលោកត្រូវរកស៊ីខាង Software ជាជាង Hardware ព្រោះលោកអាចរក្សាកម្មសិទ្ធិបញ្ញាខាង Software របស់លោកបាន។ ក្រោយមក លោកបានបបួលលោក Paul Allen ជាមិត្តសំឡាញ់ចាស់តាំងពីក្មេង ដើម្បីចូលហ៊ុនរកស៊ីខាងសរសេរកម្មវិធីកុំព្យូទ័រ។ អស់លោកទាំងពីរក៏បានឈប់រៀនកណ្ដាលទី ហើយបើកក្រុមហ៊ុន Microsoft។

២- លោកឡារីអេលីសឹន (Larry Ellison) ជាម្ចាស់ក្រុមហ៊ុន Oracle
មានប្រាក់ជាង ៥៤ ពាន់លានដុល្លារ

លោកកើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៤៤។ លោកអេលីសឹនត្រូវគេចាត់ទុកជាបុគ្គលដែលពូកែខាងសរសេរ program និងក៏ជាអ្នករកស៊ីខាងអ៊ីនធឺណែតផងដែរ។ កាលរៀននៅថ្នាក់វិទ្យាល័យ លោកពូកែខាងមុខវិជ្ជាវិទ្យាសាស្ត្រ និងគណិតវិទ្យា។ ពេលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លោកបានចូលរៀននៅសាកលវិទ្យាល័យអ៊ីលីណយ (Illinois)។ រៀនបានពីរឆ្នាំ លោកក៏បានឈប់រៀន បន្ទាប់ពីម្ដាយចិញ្ចឹមរបស់លោកទទួលអនិច្ចកម្ម។ មួយឆ្នាំក្រោយមក លោកបានចូលរៀននៅសាកលវិទ្យាល័យឈីកាហ្គោ (Chicago)។ រៀនបានមួយឆមាស លោកក៏ឈប់រៀន។ ពេលនោះ លោកសល់ប្រាក់បន្តិចបន្តួចប៉ុណ្ណោះ ហើយក៏ទៅធ្វើការឲ្យគេសិន តាមក្រុមហ៊ុននានាអស់រយៈពេល ១០ ឆ្នាំ។ នៅឆ្នាំ១៩៧៧ លោកបានសហការជាមួយមិត្តភក្ដិម្នាក់ទៀត ចូលហ៊ុនគ្នាបង្កើតក្រុមហ៊ុន Oracle។ ក្រុមហ៊ុនរបស់លោកលក់ទាំង Hardware និង Software។ សព្វថ្ងៃ លោកឡារីអេលីសឹនជាមហាសេដ្ឋីលំដាប់ទី៥ពិភពលោក។

៣- លោកម៉ាកហ្សាក់ខឺបឺក (Mark Zuckerberg) ជាម្ចាស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook)
មានប្រាក់ជាង ៣៤ ពាន់លានដុល្លារ

លោកម៉ាកហ្សាក់ខឺបឺកកើតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៨៤ នៅរដ្ឋញីវយ៉ក សហរដ្ឋអាមេរិក។ លោកត្រូវគេចាត់ទុកថាជាមហាសេដ្ឋីវ័យក្មេង និងជាសហគ្រិនខាងអ៊ីនធឺណែតដ៏លេចធ្លោបំផុតនៅក្នុងពិភពលោកសម្រាប់ពេលបច្ចុប្បន្ន។ តាំងពីនៅវ័យក្មេង លោកមានចំណង់ចំណូលចិត្តខាងសរសេរ Software និងសរសេរកម្មវិធីហ្គែម (game)។ នៅថ្នាក់វិទ្យាល័យ លោករៀនពូកែបំផុតលើមុខវិជ្ជាមួយចំនួន រហូតដល់លោកអាចចូលរៀននៅសាកលវិទ្យាល័យហាវើត។ ពេលកំពុងរៀនឆ្នាំទីពីរ លោកបានសរសេរកម្មវិធីសម្រាប់ដំណើរការបណ្ដាញសង្គម (social network) ដែលបច្ចុប្បន្នត្រូវគេស្គាល់សឹងគ្រប់គ្នាថាហ្វេសប៊ូក (Facebook)។ លោកសម្រេចចិត្តថាត្រូវឈប់រៀនត្រឹមឆ្នាំទីពីរ ដើម្បីយកពេលបង្ហើយកិច្ចការសរសេរ software របស់លោក។

៤- លោកម៉ៃឃើលឌែល (Michael Dell) ម្ចាស់ក្រុមហ៊ុន Dell
មានប្រាក់ជាង ១៨ ពាន់លានដុល្លារ

លោកកើតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៦៥ នៅរដ្ឋតិចសាស់ (Texas) សហរដ្ឋអាមេរិក។ លោកមានចំណូលចិត្តខាងធ្វើជំនួញតាំងពីលោកនៅវ័យក្មេងមកម៉្លេះ។ ដូចនេះ លោកប្រឹងធ្វើការក្រៅម៉ោងដើម្បីសន្សំលុយទុកបើកក្រុមហ៊ុន តាំងពីលោកនៅរៀនថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យ។ ពេលអាយុ ១៥ ឆ្នាំ លោកទិញកុំព្យូទ័រមួយគ្រឿង ហើយលោកក៏ចាប់ចិត្តនឹងការផលិតកុំព្យូទ័រជាខ្លាំង។ ពេលកំពុងសិក្សានៅសាកលវិទ្យាល័យតិចសាស់ លោកក៏បានឈប់រៀនកណ្ដាលទី ហើយបង្កើតក្រុមហ៊ុនតែម្នាក់ឯងតែម្ដងដែលមានឈ្មោះថាឌែល (Dell) ខាងផលិត Software និង Hardware និងលក់សេវាខាងថែទាំ និងដំណើរការ server ជាប្រភេទ cloud service។ ពេលបើកក្រុមហ៊ុនដំបូង លោកមានប្រាក់ ១០០០ ដុល្លារ៕

លក្ខណៈ​សម្បត្តិ ៤ នៃ​បុគ្គល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការងារ ដែល​អ្នក​គួរ​ស្វែង​យល់

លក្ខណៈ​សម្បត្តិ ៤ នៃ​បុគ្គល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការងារ ដែល​អ្នក​គួរ​ស្វែង​យល់
រូបតំណាង     businessinsider.com 
១) ពួក​គេ​ជា​មនុស្ស​ដែល​ស្គាល់​ខ្លួន​ឯង

អ្នក​មិន​អាច​ទទួល​បាន​ជោគជ័យ​ឡើយ ប្រសិន​បើ​អ្នក​មិន​អាច​រក​ឃើញ​នូវ​អ្វី​ដែល​ជា​ភាព​ខ្លាំង​របស់​ខ្លួន​ឯង។ នៅ​ពេល​ដែល​អ្នក​ដឹង​ច្បាស់​ពី​ខ្លួន​ឯង នូវ​និយម​ន័យ​នៃ​ភាព​ជោគជ័យ​របស់​អ្នក គឺ​ការ​ធ្វើ​កិច្ចការ​មួយ​ដែល​អ្នក​ដទៃ​ធ្វើ​មិន​បាន។

២) ពួក​គេ​ដឹង​ពី​កន្លែង​ដែល​ពួក​គេ​ត្រូវ​ទៅ

ប្រសិន​បើ​អ្នក​មិន​មាន​ទិសដៅ​ដែល​ត្រូវ​ដើរ​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​នោះ​ទេ ទោះ​បី​ជា​អ្នក​ប្រឹងប្រែង​ធ្វើ​ការងារ​ទាំង​ថ្ងៃ​ទាំង​យប់​ក៏​ដោយ អ្នក​មិន​អាច​ដើរ​ដល់​គោលដៅ​ដែល​អ្នក​ចង់​បាន​ឡើយ។ ខុស​ពី​មនុស្ស​ ដែល​មាន​ប្រសិទ្ធភាព​ការងារ​ខ្ពស់ ពួក​គេ​ពួក​គេ​តែង​មាន​ផែន​ទី​ចង្អុល​ផ្លូវ​ឲ្យ​ខ្លួន​ឯង​ជា​និច្ច នេះ​ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​មិន​ខ្ជះខ្ជាយ​ពេល​ឥត​ប្រយោជន៍។

៣) ពួក​គេ​ជា​មនុស្ស​ដែល​មិន​ត្រូវ​ការ សុំ​ការ​អនុញ្ញាត​ពី​អ្នក​ដទៃ

មនុស្ស​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ងារ​ជា​មនុស្ស ដែល​មាន​ចាប់​ផ្តើម​ធ្វើ​មុន​គេ នូវ​រឿង​មួយ​ដែល​មនុស្ស​ដទៃ​មិន​ធ្លាប់​ដឹង​ពី​មុន។ ពួក​គេ​ជា​មនុស្ស​ដែល​ចាប់​ផ្តើម​ធ្វើ​រឿង​អ្វី​មួយ​ មុន​ពេល​ពួក​គេ​ទទួល​បាន​ចម្លើយ​ត្រលប់​មក​វិញ​ ពួក​គេ​ចាប់​ផ្តើម​ធ្វើ​មុន​ពេល​ពួក​គេ​មាន​លុយ ពួក​គេ​ចាប់​ផ្តើម​ធ្វើ​រឿង​នូវ​ពេល​គ្មាន​នរណា​ម្នាក់​ជឿ​លើ​ពួក​គេ ដូច្នេះ​ការ​អនុញ្ញាត​តែ​មួយ​គត់​ដែល​ពួក​គេ​ត្រូវ​ការ គឺ​ការ​អនុញ្ញាត​ចេញ​ពី​ចិត្ត​ពួក​គេ​ផ្ទាល់ ដែល​ជំរុញ​ឲ្យ​ពួក​គេ​បោះ​ជំហាន​ទៅ​មុខ​ជា​និច្ច។

៤) ពួក​គេ​រៀន​សូត្រ តាម​រយៈ​ការ​អនុវត្តន៍

មនុស្ស​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ ការងារ តែង​ធ្វើ​អ្វី​មួយ​បាន​ដោយ​ភាព​ល្អ​ឥត​ខ្ចោះ ដែល​វា​មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ​សម្រាប់​ពួក​គេ ហើយ​វា​ជា​មធ្យោបាយ​តែ​មួយ​គត់​ ល្អ​បំផុត​ក្នុង​ការ​រៀន​សូត្រ​ពី​មេរៀន​ជាក់​ស្តែង​របស់​ពួក​គេ។ នូវ​ពេល​បរាជ័យ បុគ្គល​ដែល​មាន​ប្រសិទ្ធភាព​ការងារ​ខ្ពស់​ជា​មនុស្ស​ដែល​អនុវត្តន៍​ម្តង​ហើយ​ម្តង​ទៀត​ ដោយ​ពួក​គេ​យល់​ថា​វា​ល្អ​ប្រសើរ​ជាង​ការ​មក​អង្គុយ​ពិភាក្សា ដោយ​មិន​អនុវត្តន៍។

សៀវភៅ ៧ ក្បាលជួយធ្វើឲ្យអ្នកកាន់តែឆ្លាតក្នុងវិស័យអាជីវកម្ម ដែលអ្នកគួរតែអាន

សៀវភៅ ៧ ក្បាលជួយធ្វើឲ្យអ្នកកាន់តែឆ្លាតក្នុងវិស័យអាជីវកម្ម ដែលអ្នកគួរតែអាន
សៀវភៅ ៧ ក្បាលជួយធ្វើឲ្យអ្នកកាន់តែឆ្លាតក្នុងវិស័យអាជីវកម្ម ដែលអ្នកគួរតែអាន     businessinsider.com 
១) សៀវភៅ The E-Myth ៖ និពន្ធ​ដោយ​លោក Michael Greber ដោយ​នៅ​ក្នុង​សៀវភៅ​នេះ​លោក​រៀប​រាប់​អំពី គោល​គំនិត​តូចៗ​ជា​ច្រើន​ស្តី​ពី​របៀប​នៃ​ការ​ដំណើរ​ការ​អាជីវកម្ម។


២) សៀវភៅ Good to Great ៖ និពន្ធ​ដោយ​លោក​ Jim Collins ដោយ​ពឹង​ផ្អែក​លើ​ការ​ស្រាវជ្រាវ​ក្នុង​បណ្ដា​ក្រុមហ៊ុន​ជា​ច្រើន​នៅ​អាមេរិក ដោយ​សៀវភៅ​នេះ​បង្ហាញ​ថា ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​មួយ​ចំនួន​អាច​បោះ​ជំហាន​ដ៏​អស្ចារ្យ​ពី​ល្អ ទៅ​កាន់​ភាព​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ខណៈ​ពេល​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​មិន​អាច​ធ្វើ។


៣) សៀវភៅ Big Magic ៖ និពន្ធ​ដោយ​លោកស្រី Elizabeth Gilbert ដោយ​សៀវភៅ​នេះ​រៀបរាប់​ពី​គំនិត តើ​មនុស្ស​គ្រប់​រូប​បង្កើត​គំនិត​ទាំង​អស់​នេះ​ចេញ​មក​ពី​ណា ហើយ​តើ​មនុស្ស​យើង​អាច​ស្វែង​រក​នូវ​គំនិត​ដ៏​មាន​អត្ថន័យ​ចេញ​ពី ក្នុង​ខ្លួន​ដោយ​របៀប​ណា?


៤) សៀវភៅ The 7 Habit of Highly Effective People ៖ និពន្ធ​ដោយ​លោក Stephen R. Covey ដែល​រៀប​រាប់​ របៀប​បង្កើត​ក្តី​សង្ឃឹម​ និង ការ​លើក​ទឹក​ចិត្ត​ឲ្យ​ខ្លួន​ឯង​ ដើម្បី​ផ្លាស់​ប្តូរ​ជីវិត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។


៥) សៀវភៅ Start with Why ៖ និពន្ធ​ដោយ Simon Sinek រៀបរាប់​អំពី គំនិត និង លក្ខណៈ​សម្បត្តិ​ដ៏​អស្ចារ្យ​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​ល្អ។


៦) សៀវភៅ Originals ៖ និពន្ធ​ដោយ​លោក Adam Grant ដែល​លោក​បាន​ពន្យល់​បង្ហាញ​ពី​របៀប​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​មាន​ភាព​ច្នៃ​ប្រឌិត។


៧) សៀវភៅ The Five Dysfunctions of a Team ៖ និពន្ធ​ដោយ​លោក Charles Stransky ដែល​សៀវភៅ​នេះ​ផ្តោត​សំខាន់​ទៅ​លើ​បុគ្គល​ដែល​ជា​មេដឹកនាំ​ក្រុម ដោយ​លោក​បាន​ផ្តល់​នូវ​ចំណុច​សំខាន់ៗ​ជា​ច្រើន​ ដើម្បី​ផ្លាស់​ប្តូរ​ជំនាញ​ភាព​ជា​អ្នក​ដឹកនាំ​ក្រុម​របស់​អ្នក​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ។