តើមហាសេដ្ឋី Nick Woodman ស្ថាបនិកក្រុមហ៊ុន GoPro មានប្រវត្តិយ៉ាងដូចម្តេចខ្លះក្នុងការបើកអាជីវកម្ម?

លោក Nick Woodman ស្ថាបនិក និង ជានាយកប្រតិបត្តិក្រុមហ៊ុន GoPro Forbes.com
លោក Nick Woodman គឺជាមហាសេដ្ឋីសហគ្រិន សញ្ជាតិអាមេរិក មួយរូបដ៏ល្បីល្បាញ តាមរយៈស្នាដៃការបង្កើតកាមេរ៉ាធុនតូច។ លោក Nick Woodman គឺជាស្ថាបនិក និង ជានាយកប្រតិបត្តិក្រុមហ៊ុន GoPro ដែលមកទល់នឹងពេលបច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិ ច្រើនជាង ១ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមគេហទំព័រ Forbes។ តើមហាសេដ្ឋីរូបនេះមានប្រវត្តិយ៉ាងដូចម្ដេចខ្លះ ក្នុងដំណើរការបើកអាជីវកម្មរបស់លោក?
លោក Nick Woodman កើតនៅថ្ងៃទី ២៤ មិថុនា ឆ្នាំ ១៩៧៥ នៅក្នុងទីក្រុង Woodside រដ្ឋ California សហរដ្ឋអាមេរិក។ គ្រួសាររបស់លោកគឺជាសហស្ថាបនិកធនាគារ វិនិយោគ Robertson Stephens។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យ University of California, San Diego ក្នុងឆ្នាំ ១៩៩៧។ ក្រោយពីចប់ការសិក្សាភ្លាម លោក Nick Woodman បានបង្កើតក្រុមហ៊ុនចំនួន ២ គឺ EmpoerAll.com លក់សម្ភារៈគ្រឿងអេឡិចត្រូនិក និង មួយទៀតជាកម្មវិធីហ្គេមលើគេហទំព័រ ដែលអ្នកលេងអាចឈ្នះប្រាក់ ប៉ុន្តែមិនបានទទួលជោគជ័យឡើយ។
ខណៈពេលដែលលោកបានចំណាយពេលដើរលេខនៅប្រទេស អូស្ត្រាលី និង ឥណ្ឌូណេស៊ី លោក Nick Woodman បានប្រើប្រាស់កាមេរ៉ា ថតរូបដែលមាន Len ទំហំ ៣៥ មីលីម៉ែត្រ ដើម្បីថតរូបភាពវីដេអូផ្សេងៗនាពេលដំណើរកម្សាន្តនោះ។ ពេលនោះលោកមើលឃើញថា អ្នកចូលចិត្តថតរូបដូចជារូបលោក ដែលចង់ថតរូប និង វីដេអូ ប្រកបដោយគុណភាព ពិតជាពិបាកណាស់ ព្រោះខ្លួនមិនអាចចូលទៅជិតសកម្មភាពដែលខ្លួនចង់ថត និង ពេលខ្លះគ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញសម្ភារៈសម្រាប់ថតរូបថ្លៃៗ ដែលនេះជាហេតុធ្វើឲ្យលោកមានគំនិត ចង់បង្កើតកាមេរ៉ា ធុនតូចតែគុណភាពនៃការថតបានល្អ ទើបធ្វើឲ្យលោកបង្កើតក្រុមហ៊ុនមួយឡើងមានឈ្មោះថា GoPro។
កាមេរ៉ា GoPro ត្រូវបានលោក Nick Woodman បង្កើតឡើងជាមួយខ្សែក្រវាត់ដែលអាចពាក់កាមេរ៉ាជាប់នឹងខ្លួនបាន។ កាមេរ៉ា GoPro បង្កើតឡើងដំបូងជាមួយទំហំ Len ៣៥ មីលីម៉ែត្រ និងក្រោយមកទៀតបានអភិវឌ្ឍដោយបំពាក់ WiFi លើកាមេរ៉ានេះ ដើម្បីបញ្ជាការថតពីចម្ងាយ និង បានបន្ថែមកន្លែងដាក់ Micro SD សម្រាប់អ្នកចូលចិត្តថតរូបវីដេអូដំណើរកម្សាន្ត។ ក្រោយមកទៀត កាមេរ៉ា GoPro ត្រូវបានអភិវឌ្ឍឡើងដើម្បីបំពាក់លើរថយន្ត អាចចាប់រូបភាពបានច្បាស់ល្អទោះបីជារថយន្តបើកក្នុងល្បឿនមួយដ៏លឿនក៏ដោយ។
នៅក្នុងឆ្នាំ ២០០៤ ក្រុមហ៊ុនបានធ្វើការលក់កាមេរ៉ានេះទៅឲ្យក្រុមហ៊ុនជប៉ុនមួយនូវកាមេរ៉ាចំនួន ១០០ គ្រឿងដែលនេះជាដំណាក់កាលដំបូងនៃការលក់ដាច់បំផុត។ មកដល់ឆ្នាំ ២០១២ ក្រុមហ៊ុនបានលក់ដាច់អស់កាមេរ៉ារហូតដល់ទៅ ២,៣ លានគ្រឿង។ ចាប់តាំងពីពេលនោះមកលោក Nick Woodman ត្រូវបានគេអញ្ជើញឲ្យចូលរួមនៅក្នុងសន្និសីទផ្នែកបច្ចេកវិទ្យាជាច្រើនស្តីពីបទពិសោធន៍ និងគន្លឹះមួយចំនួនដែលធ្វើឲ្យលោកជោគជ័យ។
No comments:
Post a Comment