អានដំបូន្មានរបស់មហាសេដ្ឋីត្បូងពេជ្រ លោក Fred Mouawad ចំនួន ៥ចំណុច ដើម្បីជោគជ័យក្នុងជីវិតរបស់លោកអ្នក!

មហាសេដ្ឋីត្បូងពេជ្រ លោក Fred Mouawad Businessinsider
លោក Fred Mouawad គឺជាមហាសេដ្ឋីបរាំងដែលកំពុងកាន់កាប់ក្រុមហ៊ុនត្បូងពេជ្រដ៏ធំមួយនៅលើភពលោក។ លោកមានក្រុមហ៊ុនជាច្រើនផ្សេងទៀត ដែលសរុបទៅ គឺកាន់ក្រុមហ៊ុនសរុបនៅក្នុងដៃ ចំនួន៧ក្រុមហ៊ុន ហើយក្នុងនោះក៏មានវត្តមាននៅក្នុងប្រទេសថៃផងដែរ។ បច្ចុប្បន្ន លោក មានទ្រព្យសម្បត្តិសរុបប្រមាណ ១,១ ពាន់លានដុល្លារ។
ខាងក្រោមនេះ គឺជាអនុសាសន៍សំខាន់ៗពីមហាសេដ្ឋីវ័យ ៤៦ ឆ្នាំរូបនេះដែលជាគន្លឹះរួមចំណែកជួយឲ្យលោកអ្នកជោគជ័យ៖
១) កំណត់អំពីការងារអាទិភាព
មនុស្សភាគច្រើនបានចំណាយពេលជាច្រើនម៉ោង ដើម្បីធ្វើការងារ ប៉ុន្តែអ្វីដែលសំខាន់នោះគឺពេលខ្លះគ្មានបានសម្រេចអ្វីទាំងអស់។ មូលហេតុចំបងនាំឲ្យកើតបញ្ហានេះព្រោះពួកគេមិនទាន់កំណត់ឲ្យបានច្បាស់ថា អ្វីដែលសំខាន់ និង អ្វីដែលមិនសំខាន់ ដូច្នេះហើយបានជា ព្យាយាមធ្វើកិច្ចការជាច្រើនក្នុងពេលតែមួយ បណ្តាលឲ្យរឿងរ៉ាវកាន់តែស្មុគស្មាញឡើង។ សម្រាប់លោក Fred Mouawad លោកបានផ្តល់ដំបូន្មានថា ដើម្បីធ្វើកិច្ចប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់ អ្នកត្រូវចេះកំណត់អាទិភាពឲ្យបានច្បាស់។
២) ចំណាយពេលឲ្យច្រើនលើអ្វីដែលអ្នកចង់ធ្វើ
នៅក្នុងចំណុចនេះ មហាសេដ្ឋីរូបនេះមានប្រសាសន៍ថា ប្រសិនបើចង់សម្រេចលើកិច្ចការអ្វីមួយដែលអ្នកគិតថាសំខាន់នោះ គឺត្រូវតែចំណាយពេលវេលាឲ្យបានច្រើនតាមតែអាចធ្វើទៅបានទៅលើការងារនោះ។ ជាធម្មតាទេ រាល់ការធ្វើកិច្ចការអ្វីមួយតែងតែជួបបញ្ហាជាច្រើន ប៉ុន្តែសំខាន់ត្រង់ថា អ្នកពិតជាចង់ធ្វើវាឲ្យជោគជ័យដែរឬទេ។ ប្រសិនបើចង់ អ្នកត្រូវតែខិតខំធ្វើវាឲ្យអស់ពីលទ្ធភាព ទោះបីជាត្រូវចំណាយពេលវេលាច្រើនក្តី តែយ៉ាងហោចណាស់ប្រើរូបមន្ត ៨០ ទល់ នឹង ២០។ មានន័យថា ចំណាយពេលលើការងារដែលអ្នកចង់ធ្វើឲ្យបាន ៨០% ក្រៅពីនេះសម្រាប់ពេលវេលាដែលនៅសល់ ២០% គួរធ្វើអ្វីដែលមានប្រយោជន៍បន្ទាប់បន្សំ។
៣) វាយតម្លៃអំពីការងាររបស់អ្នក
វាជារឿងជៀសមិនផុតនោះទេ ដែលមនុស្សតែងមានភាពវិជ្ជមាន និង អវិជ្ជមានចំពោះការងារ។ ប៉ុន្តែចំណុចសំខាន់ដែលមនុស្សគ្រប់គ្នាត្រូវធ្វើនោះគឺត្រូវទទួលស្គាល់អំពីសកម្មភាពរបស់ខ្លួនថាតើកំពុងស្ថិតក្នុងស្ថានភាពប្រសើរ ឬ ក៏អន់ថយ។ មកដល់ចំណុចនេះ បើតាមការពន្យល់របស់មហាសេដ្ឋី Fred Mouawad ដើម្បីដឹងអំពីច្បាស់អំពីប្រសិទ្ធភាពការងារ អ្នកត្រូវតែរៀបចំការវាយតម្លៃជាប្រចាំ។ ការវាយតម្លៃលើខ្លួនឯងនេះអាចធ្វើឡើងតាមរយៈការសួរនាំមនុស្សជុំវិញខ្លួន និង តាមរយៈការប្រៀបធៀបលើលទ្ធផលនៃរបាយការណ៍ការងារកន្លងៗមក។
៤) ប្រើយុទ្ធសាស្ត្រផ្សេងៗគ្នា
លោក Fred Mouawad បានផ្តល់ដំបូន្មានបន្តទៀតថា ដើម្បីសម្រេចគម្រោង ឬ គោលដៅអ្វីមួយអ្នកត្រូវតែមានយុទ្ធសាស្ត្រច្បាស់លាស់។ ជាមួយគ្នានោះដែរ មិនមែនមានតែយុទ្ធសាស្ត្រមួយនោះទេ ដែលអាចធ្វើឲ្យអ្នកទទួលជោគជ័យ ព្រោះស្ថានភាពខ្លះវាទាមទារឲ្យយើងប្រើវិធីជាច្រើនទើបជោគជ័យ។ មានន័យថា បើវិធីនេះមិនជោគជ័យ អ្នកត្រូវប្រើវិធីផ្សេងទៀត ដើម្បីឲ្យប្រាកដថា អ្នកនឹងសម្រេចអ្វីដែលចង់បាន។
៥) កាត់បន្ថយការខ្ជះខ្ជាយពេលវេលា
សម្រាប់លោក Fred Mouawad បានឲ្យតម្លៃខ្លាំងទៅលើពេលវេលា។ វាពិតជាមានសារសំខាន់ខ្លាំងណាស់ដែលថា អ្នកត្រូវគ្រប់គ្រងវាឲ្យមានប្រសិទ្ធភាព។ ផ្ទុយទៅវិញ បើកាលណាមិនចេះគ្រប់គ្រង ឬ ប្រើពេលវេលាឲ្យបានល្អ ឬ មានតម្លៃនោះទេ អ្នកនឹងប្រឈមមុខនឹងការខ្ជះខ្ជាយពេលវេលាមិនខាន។ ដូច្នេះហើយ អ្នកត្រូវតែព្យាយាមជម្រុះចោលសកម្មភាពដែលអត់ប្រយោជន៍មួយចំនួន ដូចជា ប្រើទូរស័ព្ទច្រើនពេក លេងហ្គេមច្រើន ឬ សកម្មភាពមួយចំនួនទៀតជាដើម៕
No comments:
Post a Comment