កូនសោទាំង ៩ ដើម្បីជោគជ័យក្នុងជីវិតការងារពីលោក Grant Cardone អ្នកប្រឹក្សាយោបល់អាជីវកម្ម

លោក Grant Cardone អ្នកជំនាញខាងប្រឹក្សាយោបល់អាជីវកម្ម និង លើកទឹកចិត្ត Forbes.com
លោក Grant Cardone ជាអ្នកមានវិជ្ជាជីវៈខាងប្រឹក្សាយោបល់ អាជីវកម្ម និង ការលើកទឹកចិត្តផងដែរ បន្ថែមពីនេះ លោកក៏ជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញ។ ខាងក្រោមនេះជា ដំបូន្មានខ្លះពីលោក Grant Cardone ដើម្បីបង្កើតជីវិតជោគជ័យក្នុងវិស័យការងារ។
១) ភាពជោគជ័យគឺជាកាតព្វកិច្ចរបស់អ្នក ៖ បើតាមលោក Grant Cardone ភាពជោគជ័យគឺជាកាតព្វកិច្ច តួនាទី និង ទំនួលខុសត្រូវដែលមនុស្សគ្រប់រូប ត្រូវតែធ្វើ ព្រោះបើអ្នកគ្មានឆន្ទៈ ក្នុងការធ្វើវាទេនោះ ភាពជោគជ័យគឺមិនអាចកើតឡើងលើខ្លួនអ្នកបានឡើយ។
២) ត្រូវចេះបង្កើតការចរចាមួយប្រកបដោយអាទិភាព ៖ ការចរចាប្រកបដោយអាទិភាពត្រូវបានលោក Grant Cardone រៀបរាប់ថាជាវិធីមួយក្នុងការបង្កើតចំណូល និង ការវិនិយោគឲ្យឆ្ពោះទៅមុខ ព្រោះការចរចាជាមួយដៃគូពាណិជ្ជកម្ម ឬ អតិថិជនអ្នក វាពិតជាមានសារសំខាន់ណាស់ ដើម្បីធ្វើឲ្យការចរចានោះពោរពេញដោយសារសំខាន់ចំពោះពួកគេ។
៣) ត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ៖ ការប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ឲ្យអស់ពីសមត្ថភាពក្នុងការធ្វើអ្វីមួយឲ្យចេញជាលទ្ធផលមិនគួរឲ្យជឿ អាចជួយធ្វើឲ្យអ្នកបង្កើនគុណតម្លៃខ្លួនឯង និង ភាពជឿជាក់ពីមនុស្សនៅជុំវិញខ្លួនកាន់តែច្រើន។
៤) មិនត្រូវខ្វល់ខ្វាយជាមួយមនុស្សអវិជ្ជមាននៅជុំវិញអ្នកនោះឡើយ ៖ លោកGrant Cardone រៀបរាប់ថា ឧបសគ្គដ៏ធំបំផុតរបស់មនុស្ស គឺមនុស្សអវិជ្ជមាននៅជុំវិញខ្លួនឯង នៅពេលដែលអ្នកសម្រេចចិត្តធ្វើអ្វីមួយគេតែចូលចិត្តដាក់សម្ពាធផ្លូវអារម្មណ៍មកលើអ្នក ច្រើនជាងផ្តល់ដំណោះស្រាយឲ្យអ្នក ដូច្នេះអ្នកគួរជៀសវាង ចេញឲ្យឆ្ងាយពីមនុស្សទាំងនេះ។
៥) មិនត្រូវធ្វើឲ្យខ្លួនឯងជាមនុស្សអវិជ្ជមាន ៖ លោក Grant Cardone ផ្តល់ដំបូន្មានថា នៅពេលដែលអ្នកធ្វើឲ្យខ្លួនឯងជាមនុស្ស អវិជ្ជមាន រាល់សកម្មភាពទាំងឡាយរបស់អ្នក គឺនាំទៅរកភាពអវិជ្ជមានទាំងអស់ ដូច្នេះអ្នកត្រូវចេះធ្វើឲ្យខ្លួនឯង ជាមនុស្សវិជ្ជមានជាប់ជានិច្ច។
៦) ត្រូវមានគោលដៅ ៖ លោក Grant Cardone ថ្លែងថាមានគោលដៅ គឺមានលទ្ធផល ដូច្នេះបើអ្នកចង់បានលទ្ធផលដែលខ្លួនចង់បាន អ្នកត្រូវចេះកំណត់គោលដៅឲ្យខ្លួនឯង ថាអ្នកចង់បានអ្វីខ្លះសម្រាប់ថ្ងៃនេះ។
៧) ត្រូវតែមានជំនឿលើខ្លួនឯង ៖ មានជំនឿលើខ្លួនឯង គឺជាការបង្កើតភាពជឿជាក់លើសមត្ថភាព ខ្លួនឯងដើម្បីធ្វើរឿងអ្វីមួយ ឲ្យចេញជារូបរាងពិតប្រាកដ ព្រោះគ្មាននរណាម្នាក់ អាចបង្កើតភាពជឿជាក់ឲ្យអ្នក ក្រៅពីខ្លួនអ្នកជឿលើខ្លួនឯងនោះឡើយ។
៨) ធ្វើរឿងទាំងឡាយណាដែលជាភាពប៉ិនប្រសព្វរបស់អ្នក ៖ លោក Grant Cardone រៀបរាប់ថានៅពេលដែលអ្នកធ្វើរឿងដែលជាភាពប៉ិនប្រសព្វរបស់ខ្លួន ត្រូវនឹងសមត្ថភាពរបស់ខ្លួន វាជាកត្តាមួយដើម្បីជំរុញទឹកចិត្តអ្នកឲ្យធ្វើការងារនោះរហូតទទួលបានជោគជ័យ។
៩) មិនត្រូវបោះបង់ឡើយ ៖ រឿងមួយសំខាន់បំផុត ដើម្បីទទួលបានជោគជ័យ នោះគឺអ្នកមិនត្រូវបោះបង់ចោលនូវគោលដៅរបស់ខ្លួននោះឡើយទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ ព្រោះការបោះបង់ គឺជាភាពបរាជ័យមួយដ៏ធំរបស់មនុស្សក្នុងការសម្រេចគោលដៅ។
No comments:
Post a Comment