ការតស៊ូ និង ភាពជាអ្នកដឹកនាំមិនអាចកាត់ថ្លៃបានរបស់លោក Abraham Lincoln អតីតប្រធានាធិបតីទី១៦ អាមេរិក

លោក Abraham Lincoln អតីតប្រធានាធិបតីទី១៦ អាមេរិក dailyfinance.com
ប្រសិនបើ គេនិយាយអំពីមេដឹកនាំល្បីល្បាញនៅជុំវិញពិភពលោក គេមិនអាចមើលរំលង លោក Abraham Lincoln អតីតប្រធានាធិបតីទី១៦របស់អាមេរិកបានឡើយ។ សម្រាប់សហរដ្ឋអាមេរិកវិញ គេចាត់ទុក Abraham Lincoln ជាមេដឹកនាំដ៏អស្ចារ្យមួយរូបក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលបានដឹកនាំប្រទេសឆ្ពោះទៅរកការរីកចម្រើន និង មានវត្តមាននៅលើក្រដាសប្រាក់ ៥ ដុល្លារអាមេរិកទៀតផង។
កើតនៅក្នុងគ្រួសារក្រីក្រ
លោក កើតនៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ១៨០៩ ក្នុងគ្រួសារកសិករនៅតំបន់ Hardin County នៃរដ្ឋ Kentucky។ ឪពុករបស់លោក ព្យាយាមបណ្តុះបណ្តាលកូនឲ្យក្លាយជាកសិករប៉ិនប្រសប់ម្នាក់ ប៉ុន្តែ Lincoln ហាក់ដូចជាមិនសូវពេញចិត្តនឹងជីវិតបែបនេះហើយ ព្រោះវាជាការងារដែលត្រូវចំណាយកម្លាំងច្រើន និង លំបាកខ្លាំង។
ការផ្លាស់ទីលំនៅទៅកាន់រដ្ឋ Indiana
ដោយសារតែមានជម្លោះដីធ្លីនៅតំបន់ដែលកំពុងរស់នៅ គ្រួសារទាំងមូលក៏បានសម្រេចចិត្តផ្លាស់ទីលំនៅទៅកាន់រដ្ឋ Indiana ក្នុងឆ្នាំ ១៨១៦។ ប៉ុន្តែនៅពេលរស់នៅទីនោះមិនបានប៉ុន្មានផង ម្តាយរបស់ Abraham Lincolnក៏បានស្លាប់ដោយសារពុលទឹកដោះគោ។ ក្រោយមកឪពុករបស់លោក ក៏រៀបការជាមួយនឹងនារីម្នាក់ទៀត ប៉ុន្តែ Lincoln ស្រលាញ់រាប់អានម្តាយចុងរបស់ខ្លួនដូចម្តាយបង្កើតអញ្ចឹង។ នៅពេលនោះ គ្រួសាររបស់លោកមានជីវភាពមិនល្អនោះឡើយ ដូច្នេះហើយសមាជិកគ្រួសារម្នាក់ៗបានព្យាយាមធ្វើការដោយកម្លាំងដើម្បីចិញ្ចឹមជីវិត។
អានសៀវភៅ ជំនួសឲ្យការចូលសាលា
ដោយសារតែមានជីវភាពលំបាក Abraham Lincoln មិនបានចូលសិក្សានៅសាលាជាប់លាប់ដូចក្មេងដទៃទៀតនោះទេ។ បើតាមឯកសារមួយចំនួនបញ្ជាក់ថា លោកបានចូលសាលាជាលក្ខណៈផ្លូវការ សរុបទៅប្រហែលមួយឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកមិនដែលចុះចាញ់ត្រឹមនេះឡើយ ពោលគឺ លោក Lincoln បានជ្រើសរើសការអានសៀវភៅ ជំនួសឲ្យការចូលរៀននៅសាលាផ្លូវការ។ លោក បានស្វះស្វែងរៀនសូត្រយ៉ាងខ្លាំង បើទោះបីជាមិនអាចចូលសាលារៀនក្តី ដោយព្យាយាមខ្ចីសៀវភៅពីគ្រប់ទីកន្លែងដើម្បីផ្តល់ជាអាហារសម្រាប់ខួរក្បាល។
មិនដែលចូលរៀនសាលាច្បាប់ តែប្រលងជាប់មេធាវី
នៅពេលអាយុ២០ឆ្នាំ លោកចាប់អារម្មណ៍យ៉ាងខ្លាំងលើផ្នែកច្បាប់ ហើយក៏ស្វះស្វែងរកសៀវភៅជាច្រើនទាក់ទងនឹងច្បាប់ដើម្បីស្រាវជ្រាវ។ នៅពេលមានអាយុ២១ឆ្នាំលោកក៏បានធ្វើដំណើរទៅកាន់រដ្ឋ Illinois។ ទៅដល់ទីនោះលោកបានសម្រេចចិត្តថា ចង់សិក្សាផ្នែកច្បាប់ដើម្បី ក្លាយជាមេធាវីម្នាក់។ នៅក្នុងឆ្នាំ ១៨៣៦ លោកបានសម្រេចចិត្តចុះឈ្មោះប្រលងដើម្បីក្លាយជាមេធាវី បើទោះបីជាមិនដែលចូលសាលាក៏ដោយ។ នៅទីបំផុតលោក ក៏បានប្រលងជាប់ ដែលវាជារឿងដ៏អស្ចារ្យខ្លាំងបំផុត។ ក្រោយពីប្រលងជាប់ហើយ លោកក៏ទទួលបានអាជ្ញាប័ណ្ណដើម្បីក្លាយជាមេធាវី៕
No comments:
Post a Comment