Zong Qinghou ពីក្មេងធ្វើការក្នុងកសិដ្ឋានអំបិល ក្លាយជាសេដ្ឋីប្រាក់ពាន់លានដុល្លារ

លោក Zong Qinghouស្ថាបនិក ប្រធាន និង ជានាយកប្រតិបត្តិ ក្រុមហ៊ុន Hangzhou Wahaha Group www.welt.de
លោក Zong Qinghou គឺជាមហាសេដ្ឋី សហគ្រិន ជនជាតិចិនដ៏ល្បីល្បាញមួយរូប លោកគឺជាស្ថាបនិក ប្រធាន និង ជានាយកប្រតិបត្តិ ក្រុមហ៊ុន Hangzhou Wahaha Group ដែលជាក្រុមហ៊ុននាំមុខគេខាងផ្គត់ផ្គង់ភេសជ្ជៈនៅក្នុងប្រទេសចិន។ នៅដើមឆ្នាំ ២០១៦ នេះលោកត្រូវបានគេហទំព័រ Forbes ចុះផ្សាយថាលោកជាបុគ្គលមានជាងគេលើពិភពលោកក្នុងចំណាត់ថ្នាក់លេខ ១២៤ ជាមួយនឹងទ្រព្យសម្បត្តិចំនួនជាង ១១ ពាន់លានដុល្លារ។ តើមហាសេដ្ឋី លេខ ១២៤ ពិភពលោករូបនេះ មានប្រវត្តិ និង បទពិសោធន៍ធ្វើអាជីវកម្មដូចម្ដេចខ្លះក្នុងឆាកជីវិតរបស់លោក?
លោក Zong Qinghou កើតនៅឆ្នាំ ១៩៤៥ នៅក្នុងខេត្ត Zhejiang ប្រទេសចិន លោកទទួលបានការអប់រំតិចតួចបំផុត។ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យ លោកបានទៅធ្វើការនៅក្នុងតំបន់ Zhoushan ក្នុងកសិដ្ឋានធ្វើអំបិលមួយកន្លែង។ នៅឆ្នាំ ១៩៧៩ លោកបានត្រលប់មកផ្ទះវិញដោយសាម្តាយរបស់លោកបានចូលនិវត្តន៍ពីគ្រូបង្រៀន។ បន្ទាប់មកទៀតលោកបានធ្វើដំណើរទៅកាន់ទីក្រុង Hangzhou ដោយនៅទីនោះលោករកការងារជា អ្នកបម្រើការងារក្នុងសាលាមួយកន្លែង ក្នុងមុខដំណែងមួយមិនសូវល្អដោយសារលោករៀនបានទាបពេក។
នៅក្នុងឆ្នាំ ១៩៨៧ លោកមានបំណងចង់បើកហាងលក់គ្រឿងទេសតូចមួយក្នុងសាលា នៅក្នុងស្រុក Shangcheng District ខេត្ត Hangzhou ដោយលោកលក់នូវទឹកដោះគោ។ ក្រោយមកទៀតលោកក៏បានបើកហាងលក់ទឹកដោះគោឆៅ ពោលគឺផលិតផលមិនទាន់សម្រេច មានឈ្មោះថា Wahaha។ ក្រោយមកទៀតលោក និង គ្រូចូលនិវត្តន៍ ពីរនាក់ផ្សេងទៀតបាន ខ្ចីលុយគចំនួន ១៤០ ០០០ យ័ន បានចាប់ផ្តើមផលិតផលសម្រេចផ្នែកទឹកដោះគោដើម្បីលក់ចែកចាយ។
ក្រោយមកទៀតលោកទទួលបានកិច្ចព្រមព្រៀងវិនិយោគជាមួយក្រុមហ៊ុន ផលិតម្ហូបអាហារចម្រុះមកពីប្រទេសបារាំងឈ្មោះ Danone បានធ្វើឲ្យក្រុមហ៊ុនក្លាយជាក្រុមហ៊ុន ផ្គត់ផ្គង់ ខាងភេសជ្ជៈធំដាច់គេនៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Wahaha បានចូលរូមមូលធនវិនិយោគជាមួយក្រុមហ៊ុនបារាំង Danone ក្នុងទំហំទឹកប្រាក់ ៧០ លានដុល្លារ ដើម្បីចូលរួមបង្កើតក្រុមហ៊ុនបណ្តាក់ទុកចំនួន ៥ នៅក្នុងប្រទេសចិន នៅឆ្នាំ ២០០៧ ដែលជាហេតុធ្វើឲ្យ ក្រុមហ៊ុន Wahaha របស់លោក Zong Qinghou ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ភេសជ្ជៈធំដាច់គេនៅក្នុងប្រទេសចិន។
No comments:
Post a Comment